ព័ត៌មានជាតិ

កម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅបើកប្រតិបត្តិការចុះរុះរើសផ្ទះបណ្ដែតទឹក និងបែរត្រីរបស់ជនជាតិវៀតណាម

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខណ្ឌច្បារអំពៅ និងដោយអនុវត្តនូវបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំបន្ដប្រតិបត្តិការចុះរុះរើសផ្ទះបណ្ដែតទឹក និងបែត្រីរបស់ជនជាតិវៀតណាម នៅក្នុងមូល ដ្ឋានខណ្ឌច្បារអំពៅ ហើយចំពោះអ្នកដែលនៅរឹងទទឹង មិនព្រមអនុវត្តតាមការណែនាំដោយឲ្យរុះរើសដោយខ្លួនឯង។

គួរជម្រាបថា អាជ្ញាធរបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ផ្ទះបណ្តែតទឹកអនាធិបតេយ្យក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ ស្ថិតតាមដងទន្លេមេគង្គក្រោម នៃខណ្ឌច្បារអំពៅ ត្រូវបានរុះរើស្ទើរតែ១០០ភាគរយហើយ។

ទោះជាយ៉ាងនេះក្តី បើតាមលោកអភិបាលរងរាជធានីភ្នំពេញ គឺមានផ្ទះបណ្តែតទឹក នៅតែខាងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី នៅសេសសល់ ប៉ុន្តែពួកគេក៏បានរុះរើបណ្តើរៗ បានជាច្រើនផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាឱ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដោយទុកពេល១០ថ្ងៃឱ្យម្ចាស់ទាំងនោះរុះរើ ឬចល័តចេញជាបន្ទាន់។

កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយ ជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕

ដោយ៖ អនុសេនីយ៍ឯក ឌិន សុខស៊ីថា

មតិយោបល់