ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តបុកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ នៅស្តុបក្តាន់ពីរ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០១ យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2AV-1182 ធ្វើដំណើរទិសដៅពីកើត ទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យក្បាលព្រួញរងការខូចខាតបន្តិចបន្តួច ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ បែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

មតិយោបល់