ព័ត៌មានជាតិ

ស្ថានទូត​ចិន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ G7 ដែលនិយាយអំពីទីក្រុងហុងកុង ខេត្តស៊ីនជាំង និងកោះតៃវ៉ាន់

កាលពី​ថ្ងៃ​ច័ន្ទ ស្ថានទូត​ចិន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ G7 បាន​ជជែក​អំពី​ទីក្រុង​ហុងកុង ខេត្ត​ស៊ីន​ជាំ​ង និង​កោះ​តៃវ៉ាន់ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​បញ្ឈ​ប់​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ អ្នកការទូត​ចិន​បាន​សង្កត់ធ្ងន់ថា ការផ្តោត​សំខាន់​របស់​ក្រុម​ប្រទេស G7 ទៅលើ​បញ្ហា​ខេត្ត​ស៊ីន​ជាំ​ង គឺជា​ឧបាយកល​នយោបាយ​សុទ្ធសាធ ដោយ​លោក​បាន​កត់សម្គាល់ថា ប្រទេស​ចិន​មិនអាច​ត្រូវបាន​និយាយ​បង្កាច់បង្ខូច ហើយ​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ចិន​មិនអាច​ត្រូវបាន​រំលោភបំពាន​ឡើយ​។​

​ ​ជាមួយគ្នានេះដែរ ស្ថានទូត​នេះ​បាន​យោងទៅលើ​ការលើកឡើង​របស់​កិច្ចប្រជុំ​ក្រុម​ប្រទេស G7 អំពី​ប្រភពដើម​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស ដោយបាន​សង្កត់ធ្ងន់ថា ការស៊ើបអង្កេត​ណាមួយ​ទៅលើ​បញ្ហា​នេះ​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ហើយ​មិនគួរ​ធ្វើ​នយោបាយ​ទៅលើ​បញ្ហា​នេះឡើយ​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល​កាលពីពេល​ថ្មីៗ​នេះ​នៅ​សណ្ឋាគារ Carbis Bay នៅ​ទីក្រុង Cornwall ដោយមាន​ការចូលរួម​ពី​បណ្តា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 (​ដែល​រួមមាន​សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និង​ជប៉ុន​) ដែល​ត្រូវបាន​កោះប្រជុំ​ជា​លើកដំបូង​ចាប់តាំងពី​មានការ​រាលដាល​នៃ​ជំងឺ​រាតត្បាត​មក​។ ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន គឺជា​បញ្ហា​ចម្បង​មួយ​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​។​

​ប្រទេស​ចិន​បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​នូវ​ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំងនឹង​ប្រជាជន​ម៉ូ​ស្លី​ម Uyghur ដោយបាន​ចាត់ទុក​ជំរំ​អប់រំ​ឡើងវិញ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម​នៅក្នុង​តំបន់​។ ទីក្រុង​ប៉េកាំង​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា គោលនយោបាយ​របស់ខ្លួន​ចំពោះ​កោះ​តៃវ៉ាន់ គឺជា​ការកំណត់​ការបង្រួបបង្រួម​ដោយ​សន្តិភាព​៕

 

មតិយោបល់