ព័ត៌មានជាតិ

ការកាត់ពិន្ទុបណ្ណបើកបរ នឹងត្រូវធ្វើឡើងតាមរយៈទូរស័ព្ទដៃ ស្មាតហ្វូន ដែលសមត្ថកិច្ចនគរបាលចរាចរណ៍ជាអ្នកអនុវត្តន៍

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គស្នងការនគរបាលជាតិ លើការពន្លឿននីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដែលអាចអនុវត្តបាននៅដើមឆ្នាំ២០២២ ខាងមុខ ដើម្បីពង្រឹងការអនុវត្តន៍ ច្បាប់ចររាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរ នឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទ ដៃ ស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរ ដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីអនុវត្តការកាត់ ពិន្ទុលើបណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាមួយនេះឡើង ដើម្បីចាប់យករូបភាពយាន យន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុ ចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថានភាពនៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ ហើយបើអ្នកបើកបរចង់ បានបណ្ណបើកបរថ្មី ត្រូវរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ៕

មតិយោបល់