ស្របពេលក្រុមហ៊ុនមេ KrisEnergy នៅប្រទេសសឹង្ហបុរី បានប្រកាសក្ស័យធុន ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា នឹងចាត់វិធានការ និងពិនិត្យមើលលក្ខខណ្ឌផ្សេងៗ ក្នុងកិច្ចព្រមព្រៀងប្រេងកាត រវាងក្រុមហ៊ុន KrisEnergy ជាមួយក្រសួង និងតាមដានអំពីខ្សែសង្វាក់ផលិតកម្ម, ប្រសិនក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬកិច្ចព្រមព្រៀងណាមួយ ក្រសួងនឹងមានវិធានការទៅលើក្រុមហ៊ុន ។
ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះថា ពាក់ព័ន្ធនឹងការប្រកាសក្ស័យធុនរបស់ក្រុមហ៊ុនមេ នៅប្រទេសសឹង្ហបុរី ក្នុងនោះក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍វិស័យប្រេងកាតនៅកម្ពុជា បានជូនដំណឹងមកក្រសួង អំពីការដាក់ពាក្យបណ្តឹងរបស់ក្រុមហ៊ុនមេទៅកាន់តុលាការ ក្នុងគោលដៅសុំរំលាយក្រុមហ៊ុន ដោយតុលាការគ្រោងនឹងកាត់សេចក្តីនៅថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ ។
ឯកឧត្តម បន្តថា ចំពោះពាក់ព័ន្ធផលិតកម្មបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅក្នុងដំណាក់កាលនេះ បានដំណើរការជាធម្មតា ដោយក្រុមហ៊ុនមិនមានការជូនដំណឹង អំពីការខកខាន ឬផ្អាកដំណើរអ្វីនោះឡើយ, តែទោះបីជាយ៉ាងណា ក្រសួងនឹងមានវិធានការ តាមដាន នឹងពិនិត្យមើលទៅលើលក្ខខណ្ឌផ្សេងៗ ក្នុងកិច្ចព្រមព្រៀងប្រេងកាត រវាងក្រុមហ៊ុន KrisEnergy ជាមួយក្រសួងផងដែរ ក្នុងនោះប្រសិនក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ណាមួយ ក្រសួងនឹងចេញលិខិតព្រមាន ខណៈក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយក្រសួង ។
ឯកឧត្តម ជៀប សួរ បានលើកឡើងទៀតថា ការប្រកាសក្ស័យធុននេះ គឺវាត្រូវការពេលវេលា តុលាការគេកាត់សេចក្តីថាយ៉ាងណា ទៅយ៉ាងណា? ទល់តែដល់ថ្ងៃទី ១២ ខែកក្កដា ទើបដឹង ចឹងគាត់គ្រាន់តែបានជូនដំណឹងអំពីបញ្ហាហ្នឹង អត់ទាន់កាត់សេចក្តីយ៉ាងម៉េចទេ។ សម្រាប់វិធានការរបស់យើងនៅពេលនេះ គឺយើងពិនិត្យមើលទៅលើលក្ខខណ្ឌផ្សេងៗនៅក្នុងកិច្ចព្រមព្រៀង ធ្វើមិចឲ្យគាត់អនុវត្តឲ្យបានខ្ជាប់ខ្ជួន ប្រសិនមានចំណុចណាគាត់មិនអនុវត្ត យើងរំលឹកគាត់ នឹងចេញលិខិតព្រមានទៅគាត់។
សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន KrisEnergy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិ ក្រុមហ៊ុន KrisEnergy Group និងជាប្រធានក្រុមហ៊ុន KrisEnergy (Cambodia) លើកញ្ចប់ឯកសារកិច្ចព្រមព្រៀងប្រេងកាត ប្លុក A រួមមាន៖ កិច្ចព្រមព្រៀងវិសោធនកម្ម និងការចែងឡើងវិញ នៃកិច្ចព្រមព្រៀងប្រេងកាតប្លុក A ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០២, កិច្ចព្រមព្រៀងប្រេងកាតប្លុក A ក្រោយធ្វើវិសោធនកម្មរួច និងការចែងឡើងវិញ, កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ, វិសោធនកម្មកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា, កិច្ចសន្យាប្រគល់សិទ្ធិ និងទទួលយកកាតព្វកិច្ច និងលិខិតអនុញ្ញាតផលិតកម្មលើកទី១ ៕
មតិយោបល់