(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ ទី២១ ខែមិថុនានេះបានឱ្យដឹងថាកុមារជាង ៨,៥០០នាក់ បានបម្រើការជាទាហានកាលពីឆ្នាំ២០២០ កន្លងទៅនេះនៅក្នុងជម្លោះផ្សេងៗគ្នានៅទូទាំងពិភពលោក និងជិត ២,៧០០នាក់ទៀតត្រូវបានសម្លាប់។
របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការ UN លោក Antonio Guterres ដែលផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាកុមារ និងជម្លោះប្រដាប់អាវុធ រួមមានការសម្លាប់ ការធ្វើទុក្ខទោស និងការរំលោភបំពានផ្លូវភេទលើកុមារ ការចាប់ជំរិត ការបដិសេធសកម្មភាពចុះផ្តល់ជំនួយ និងការកំណត់គោលដៅរបស់សាលារៀន និងមន្ទីរពេទ្យ។
ការរំលោភបំពានច្រើនបំផុត កាលពីឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសសូម៉ាលី, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ, អាហ្វហ្គានីស្ថាន , ស៊ីរី និងយេម៉ែន។ ចំណែកឯ កុមារចំនួន ៨,៥២១នាក់ ត្រូវបានបម្រើការជាទាហានកាលពីឆ្នាំ២០២០កន្លងទៅនេះ ខណៈកុមារចំនួន ២,៦៧៤នាក់ទៀតត្រូវបានសម្លាប់ និង ៥,៧៤៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងជម្លោះផ្សេងៗគ្នា៕
ប្រភព៖ AFP
មតិយោបល់