ការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ ពីចោមចៅ រាជធានីភ្នំពេញទៅដល់ក្រុងកំពត បើគិតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ៩៨%ហើយ។ ផ្លូវជាតិលេខ៣នេះ បានសាងសង់លឿនមុនផែនការមួយឆ្នាំ ដែលគម្រោងផែនការ គឺនឹងបញ្ចប់នៅឆ្នាំ២០២២ឯណោះ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសអញ្ជើញត្រួតពិនិត្យដំណើរការនៃការសាងសង់ផ្លូវជាតិលេខ៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស មានទទឹង២៤,៥ម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២គន្លងទៅ និង២គន្លងមក មានសួនច្បារកណ្តាល និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពតប្រវែងជាង ៦៥ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង គឺ១គន្លងទៅ និង១គន្លងមក ទទឹងផ្លូវ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូACកម្រាស់ ៧០ មីលីម៉ែត្រ។
ជាផែនការត្រូវប្រើពេលសាងសង់រយៈពេល៤៨ខែ ប្រើប្រាស់ថវិកាជាង២២០លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
មតិយោបល់