ព័ត៌មានជាតិ

អ្នកជំនាញកំពូលលោក Anthony Fauci ថាកូវីដ-១៩ បម្លែងថ្មី Delta គំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក

 

(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថា វីរុស COVID-19 បម្លែងខ្លួនថ្មី Delta ឬ B16172 (ជាវីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះការខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងCOVID-19។

បើតាមលោក Fauci វីរុសបម្លែងខ្លួនថ្មី Delta គឺពិតជាមានសមត្ថភាពចម្លងលឿនរហ័ស មិនអាចប្រកែកបានពិតប្រាកដមែន បើប្រៀបធៀបទៅនឹងវីរុសដើមរបស់វា ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបំផុត។ តែទោះជាយ៉ាងណា លោកអះអាងថាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក រួមទាំងវ៉ាក់សាំង Pfizer-BioNTech គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីនេះ។

«យើងមានអាវុធសម្រាប់ការពារប្រឆាំងនឹងវា ដូច្នេះសូមប្រើប្រាស់វា ដើម្បីបង្ក្រាបការផ្ទុះឡើងនៃករណីឆ្លងរបស់វា ដែលអាចកើតមានឡើងជាបន្តបន្ទាប់ ច្រើនករណីបន្ថែមទៀតនោះ»។ នេះជាការបញ្ជាក់របស់លោក Fauci៕

ប្រភព៖​​​​​​ AFP

មតិយោបល់