កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ខ្មែរឥស្លាម២នាក់ បានចេញទៅទាក់សត្វ ខណៈមេឃកំពុងភ្លៀង តែអនិចារត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗគួរឲ្យសង្វេគ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ ១/ឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរ នេសាទ និងទី ២/ឈ្មោះ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទ។ អ្នកទាំង២ មានទីលំភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ឪពុកឈ្មោះម៉ាន ស៊េន អាយុ៥៣ឆ្នាំ ជនជាតិឥស្លាម បាននាំកូនប្រសារនិងកូនបង្កើតទៅវៃលប់(ទាក់សត្វ)។ លុះដល់ម៉ោង១៣និង៣០នាទីនា ថ្ងៃខែឆ្នាំដដែលឪពុកនិងជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាទៅវៃលប់ (ទាក់សត្វ) រួចពេលនោះមានភ្លៀងនិងខ្យល់យ៉ាងខ្លាំងឪពុកនិងជនរងគ្រោះបាននាំគ្នាទៅជ្រកទឹកភ្លៀងនៅក្រោមដើមកាស្យា ភ្លាមនោះ ក៏មានរន្ទះបាញ់ចំនួនមួយគ្រាប់បានបាញ់ចំដើមកាស្យាបណ្តាលអោយជនរងគ្រោះទាំងពីនាក់ស្លាប់ នៅកន្លែងកើតហេតុ។
បញ្ជាក់ឈ្មោះ ម៉ាន ស៊េន ភេទប្រុស អាយុ៥៣ឆ្នាំ បាននៅឆ្ងាយពីដើមកាស្យាប្រហែល៥ម៉ែត្រ មិនមានរងរបួសនោះទេ។
ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយសារករណីគ្រោះធម្មជាតិ (រន្ទះបាញ់) ។ បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់