នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានពិនិត្យឃើញលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធការអនុវត្តភារកិច្ចត្រួតពិនិត្យការដឹកជញ្ជូន ទំនិញ(ក្រណាត់)របស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយព័ត៌មាននោះត្រូវបានចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម និងមានការចូលរួមលើកយោបល់(comments)ពីមហាជនផងដែរ។ ខ្លឹមសារអត្ថាធិប្បាយក្នុងវីដេអូឃ្លីប និងខ្លឹមសារលើកយោបល់ខ្លះរបស់មហាជនធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីមានសមត្ថកិច្ច និងអង្គភាពអនុវត្តច្បាប់។
ដើម្បីចៀសវាងការភាន់ច្រឡំមកលើមន្ត្រីមានសមត្ថកិច្ច និងអង្គភាពប្រតិបត្តិច្បាប់ យើងខ្ញុំសូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖
-នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក បន្ទាប់ពីទទួលបានព័ត៌មានសង្ស័យថាមានការនាំចូលទំនិញ(ក្រណាត់)ខុសច្បាប់ចំនួន០១កុងតែន័រ មកស្តុកទុកនៅទីតាំងឃ្លាំងគ្មានលេខ ស្ថិតនៅផ្លូវបេតុងលេខ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះដល់ទីតាំងឃ្លាំងខាងលើ ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធនឹងការនាំចូលទំនិញ ជាអាទិ៍ បង្កាន់ដៃបង់ពន្ធ ប្រតិវេទន៍គយ វិក័យបត្រទំនិញ( Commercial Invoice) បញ្ជីវេចខ្ចប់ (Packing List) វិក័យបត្រដឹកជញ្ជូន (Bill of lading) វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជ VAT និងប័ណ្ណប៉ាតង់ជាដើម ប៉ុន្តែម្ចាស់អាជីវកម្មពុំមានឯកសារប្រកាសគ្រប់គ្រាន់នោះទេ មានតែប័ណ្ណប៉ាតង់មួយសន្លឹក និងលិខិតដឹកជញ្ជូនក្នុងស្រុកតែប៉ុណ្ណោះ។
-នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមច្រានចោលទាំងស្រុងចំពោះខ្លឹមសារអត្ថាធិប្បាយក្នុងវីដេអូឃ្លីបនោះ និងសូមចាត់ទុកជាការអត្ថាធិប្បាយខ្វះការគិតពិចារណា ពុំមានការយល់ដឹងអំពីច្បាប់ស្តីអំពីធុរកិច្ច និងពិសេសពុំយល់ដឹងអំពីការអនុវត្តវិធានការជំនាញ និងវិធានការច្បាប់របស់មន្ត្រីនគរបាលមានសមត្ថកិច្ចនោះឡើយ។
-នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋាន វាយតម្លៃខុសជះឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី ឬអង្គភាពអនុវត្តច្បាប់ និងអាចប្រឈមចំពោះមុខច្បាប់ទៀតផង។
សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមកុំមានការភាន់ច្រឡំចំពោះការអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលមានសមត្ថកិច្ច និងមេត្តាទទួលជ្រាបជាព័ត៌មាន។
មតិយោបល់