ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាបថា ថ្ងៃនេះមានករណីស្ត្រីម្នាក់ អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយះពេលមិនដល់ ១អាទិត្យនៃការឆ្លង

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១នេះថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានស្ថានភាពគួរឲ្យកត់សម្គាល់ មានអ្នកឆ្លង និងអ្នកស្លាប់កាន់តែកើនឡើង ស្ទើរតែគ្រប់ក្រុង-ស្រុកនៃខេត្តសៀមរាប។ អ្នកស្លាប់ភាគច្រើនជាជនចាស់ជរា ឬមានជំងឺប្រចាំកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈាម ..ល.. ដែលធ្វើឲ្យជំងឺកូវីដ១៩ ប្រល័យជីវិតកាន់តែឆាប់រហ័ស។
ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្មដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ ឬរត់គេចពីមណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរីករាលដាល រហូតប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងជាពិសេសប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់។
គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមាន៖
-អ្នកឆ្លង ៦៧៦នាក់
-ជាសះស្បើយ ១៧៨នាក់
-កំពុងសម្រាកព្យាបាលចំនួន ៤៩១នាក់
-និងអ្នកបាត់បង់ជីវិតចំនួន ៧នាក់
ជាក់ស្តែងថ្ងៃនេះមានករណីមីងម្នាក់ អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយះពេលមិនដល់ ១អាទិត្យនៃការឆ្លង។
ឯកឧត្តម អភិបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

មតិយោបល់