ត្បូងឃ្មុំៈ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ថ្នាំញៀនមួយចំនួនធំ និងវត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង៤៖៥០នាទី ល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នគរបាលជំនាញបានធ្វើការឆែកឆេរលំនៅដ្ឋានដែលមានអាសយដ្ឋានខាងលើ រកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ហើយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ មានទី១-ឈ្មោះ សុខ អាំណះ ភេទស្រី អាយុ៥៣ឆ្នាំ ទី២-ឈ្មោះ គ្រី ណូរីយះ ភេទស្រី អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះ ម៉ាត់ រំលី ភេទប្រុស អាយុ២៣ឆ្នាំ។ ជនសង្ស័យទាំង៣ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចដកហូតបានវត្ថុតាងសង្ស័យ ជាគ្រឿងញៀនចំនួន៥កញ្ចប់ មាន៤កញ្ចប់តូច និង១កញ្ចប់ធំ រួមទាំងជញ្ចីងអេឡិចត្រូនិច១គ្រឿង និងថង់ផ្លាស់ស្ទិចសំរាប់វេចខ្ចប់ថ្នាំញៀន ជាច្រើនទៀត នៅជាប់នឹងខ្លួនជនសង្ស័យ។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីធ្វើការសាកសួរបន្ថែមតាមនីតិវីធី៕
មតិយោបល់