ព័ត៌មានជាតិ

មានករណីអគ្គីភ័យឆេះផ្ទះលក់ តេឡេកូម យីហោ មករា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី

រាជធានីភ្នំពេញ ៖​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៥និង១៥នាទីល្ងាច មានករណីអគ្គីភ័យឆេះផ្ទះលក់ តេឡេកូម យីហោ មករា បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនាំគ្នាជួយអន្តរាគមន៍​ ស្ថិតនៅចំណុចផ្ទះលក់ តេឡេកូម​ ផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ៖ ម្ចាស់ផ្ទះលក់ តេឡេកូម យីហោ មករា នោះ មានឈ្មោះ សៀន សេរីរតនា ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ មុខរបរ​ អាជីវករ​លក់​ វិទ្យុ​ទាក់ទង​ ស្នាក់នៅផ្ទះកើតហេតុផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់បន្តថា ៖​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាងច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត​ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស ។

លោកវរសេនីយ៍ឯក​ បានបន្តទៀតថា​​ ចំពោះមូលហេតុកើតឡើង​ដោយអគ្គិភ័យនេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បានបណ្តាលឲ្យរងការខូចខាតទាំងស្រុងផ្ទះជាន់ផ្ទាល់ដី, រួមទាំងសម្ភារៈឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង ។ ដោយនៅក្នុងប្រតិបត្តិការនេះ​ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ១៩គ្រឿង ក្នុងនោះរួមមានរថយន្តការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ ចំនួន​ ១២គ្រឿង,​ រថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង,​ រថយន្ត​ OCIC ទីក្រុងកោះពេជ្រ​ ចំនួន​ ២គ្រឿង​,​ រថយន្ត​ផ្សារទំនេីបអូឡាំព្យា ចំនួន​ ២គ្រឿង,​ រថយន្តក្រុុមហ៊ុន​ ស្រាបៀរ​ កម្ពុជា​ ចំនួន​ ១គ្រឿង​ និងប្រើប្រាស់ទឹកអស់​ ១៥០គូប​ ទើបរលត់ជាស្ថាពរ រយៈពេលជាង១ម៉ោង ផលលំបាកនៃការជួយបាញ់ពន្លត់ឲ្យបានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងផ្ទះជាគ្រឿងជ័រ និងទីតាំងក្នុងផ្ទះចង្អៀត ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់