ព័ត៌មានជាតិ

ចាប់បានតែឈើ និងរថយន្ត តែម្ចាស់​រត់បាត់ស្រមោល​

ស្ទឹងត្រែងៈ កម្លាំង​នគរបាលសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានធ្វើការដេញប្រមាញ់ ចាប់ស្ទាក់​រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿងយ៉ាងប្រផាប់ប្រភីងទាំងព្រលឹម ធ្វើឲ្យតៃកុង និងព្រូ ភ័យរត់ចោលរថយន្ត ដោយគ្មានងាកក្រោយបន្តិចសោះ។

ករណីចុះបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវចេញគីឡូ១២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

រថយន្តដែលសមត្ថកិច្ចឃាត់បាន គឺជារថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9438 ហើយឈើដែលនៅលើរថយន្តនោះជាឈើប្រណីតប្រភេទធ្នង់ កន្លះរថយន្ត។

យោងតាមឯកសារទិញ.លក់រថយន្ត ដែលបន្សល់ទុកក្នុងរថយន្តបានបញ្ជាក់ថា រថយន្តនេះ គឺជាកម្មសិទ្ធរបស់​ឈ្មោះ អែម វណ្ណី មានទីលំនៅភូមិអណ្តូងក្តី ឃុំជីក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយការចាប់រថយន្តនោះភ្លាមសមត្ថកិច្ចក៏បានអូសយកទៅរក្សារទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការវាសវែង និងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់