(Reuters) - នៅថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសមួយទៀតប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ការវាយប្រហារនៅពេលនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កងជីវពលប្រឆាំងនឹងបុគ្គលិក និងទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបាញ់តម្រង់ទៅលើទីតាំងប្រតិបត្តិការ និងឃ្លាំងផ្ទុកអាវុធ នៅក្នុងទីតាំងចំនួនពីរក្នុងប្រទេសស៊ីរី និងមួយទីតាំងទៀតនៅអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍នេះមិនបានបង្ហាញថា តើមានអ្នកស្លាប់ ឬអ្នករងរបួសនោះទេ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថាកំពុងបន្តការវាយតម្លៃ ។
ការវាយប្រហារនេះធ្វើឡើងតាមការបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នេះជាលើកទីពីរ ដែលលោកបានបញ្ជាឲ្យមានការវាយប្រហារសងសឹកប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ចាប់តាំងពីពេលដែលលោកបានចូលកាន់តំណែងកាលពីប្រាំខែមុន។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានបញ្ជាឲ្យធ្វើការវាយប្រហារមានដែនកំណត់នៅក្នុងប្រទេសស៊ីរីកាលពីខែកុម្ភៈដែលជាពេលវេលាឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណបាននិយាយថា “ដូចដែលបានបង្ហាញដោយការវាយប្រហារនៅល្ងាចនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានដឹងច្បាស់ថា លោកនឹងធ្វើសកម្មភាពអ្វីដើម្បីការពារបុគ្គលិកសហរដ្ឋអាមេរិក” ។
ការវាយប្រហារនេះបានកើតឡើងទោះបីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden កំពុងស្វះស្វែងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់។ ការសម្រេចចិត្តក្នុងការសងសឹកនេះហាក់ដូចជាបង្ហាញពីរបៀបដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden មានគោលបំណងក្នុងការធ្វើការវាយប្រហារបែបការពារខ្លួននេះក្នុងពេលដំណាលគ្នានឹងទាក់ទងជាមួយក្រុងតេអេរ៉ង់តាមសកម្មភាពការទូត ៕
មតិយោបល់