គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាប្រធាន ដោយមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់វិធានការបន្ថែមចំនួន ៩ចំណុច ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលពេលនេះកម្ពុជាបានរកឃើញ២២ករណីហើយ។
មេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta នេះ ត្រូវបានរកឃើញនៅលើពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួន។ ហេតុដូច្នេះ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្តោតខ្លាំងទៅលើសមត្ថភាពគ្រប់គ្រងតាមខេត្តព្រំដែន កម្ពុជា-ថៃ ដោយក្នុង៩ចំណុចនៃសេចក្តីណែនាំ បានប្រាប់ឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន សហការជាមួយភាគីថៃ ពង្រឹងការគ្រប់គ្រងលំហូរចូលនៃពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃ ចៀសវាងការលួចឆ្លងដែនដោយខុសច្បាប់។
អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុញ្ញាតឲ្យមានការធ្វើតេស្តប្រចាំខែ ទៅលើកងកម្លាំងជួរមុខ ដែលឈរជើងនៅច្រកព្រំដែន ហើយការធ្វើតេស្តរហ័សទៅលើអ្នកដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ក៏ត្រូវបានប្រាប់ឲ្យអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូល ប្រទេសធ្វើតេស្តពួកគេផងដែរ ក្នុងរយៈពេល ៧២ម៉ោងម្តង។ ក្រៅពីនេះ ក៏មានការដាក់ឲ្យអនុវត្តវិធានការមុតស្រួចបន្ថែមទៀតដែរ សម្រាប់រាជធានី-ខេត្ត ទាំងវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីក្នុងសហគម ដែលអាចកើតមានឡើងជាយថាហេតុ។
សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១ ១៣០នាក់ និងស្លាប់២៧នាក់ គឺជាចំនួនឆ្លង និងស្លាប់ ដែលខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីមានវត្តមាននៃជំងឺឆ្លងផ្លូវដង្ហើមដ៏កាចសាហាវនេះនៅកម្ពុជា។ ដោយឡែកកម្ពុជាមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥០ ៣៨៥នាក់ ជាសះស្បើយចំនួន ៤៤ ១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕
មតិយោបល់