ព័ត៌មានជាតិ

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន៖ យើង​នៅ​តែជា​ដៃគូ​សន្តិភាព​ជាមួយ​អាមេរិក ហើយយើង​មិន​មែន​ជាគូ​​ជម្លោះ​តទៅ​ទៀតនោះ​ទេ

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក ​Imran Khan ​បាន​រិះគន់​គោល​នយោបាយ​កាលពី​អតីកាល​របស់​ប្រទេស​លោក​ដែល​បាន​ប្រែក្លាយ​ជា​ «រដ្ឋ​ជួរ​មុខ»​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្មដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​លោក​បាន​ស្តី​បន្ទោស​គោល​នយោបាយ​នោះ​អំពី​បញ្ហា​សន្តិសុខ ​និង​សេដ្ឋកិច្ច​រ៉ាំរ៉ៃ ​ដែល​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​កំពុង​ប្រឈម។​

លោក ​Khan ​បាន​ប្រាប់​សភា​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «យើង​អាច​ ហើយ​ជានិច្ចកាល​នៅ​តែជា​ដៃគូ​សន្តិភាព​ជាមួយ​អាមេរិក។ ​យើង​មិន​អាច​ជា​ដៃគូ​នៅ​ក្នុង​ជម្លោះ​តទៅ​ទៀត​ទេ»។ ​

លោក​ Khan ​ជា​ថ្មី​ម្តង​ទៀត​ បាន​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ផ្តល់​ប្រទេស​ប៉ាគីស្ថាន​ជា​ទីតាំង​ដល់​យោធា​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន ​បន្ទាប់ពី​ការ​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញពី​ប្រទេស​ជិត​ខាង​នេះ​ បន្ទាប់ពី​២​ទសវត្សរ៍​មក។

លោក​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​បាន​រំឭក​ឡើង​វិញ​ថា ​ ការ​សម្រេច​របស់​ប៉ាគីស្ថានចូលរួមជា​មួយ​សហ​រដ្ឋ​អាមេរិក​ធ្វើ​សង្គ្រាម​នោះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​របស់​ពួកសកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​របស់​លោក​ ដែល​ក្នុង​នោះ​ពលរដ្ឋ​ប៉ាគីស្ថាន​ចំនួន​៧​ម៉ឺន​នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ​និង​ការ​វាយ​ប្រហារ​ភេរវកម្ម​ផ្សេងៗ​ទៀត ​និង​ការ​ខាត​បង់​ប្រាក់​ចំនួន​១៥០​ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ដ៏​ផុយ​ស្រួយ​របស់​ប្រទេស​នេះ។​ ​

លោក ​Khan​ មិន​បានសរសើរ​ចំពោះ​ការ​លះបង់​ទេ​ ​តែ​លោក​បែរ​ជា​ត្អូញត្អែរ ​ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ«លាក់ពុត» ​ហើយ​បាន​ចោទ​សួរ​ពី​អធិប​តេយ្យ​ភាព​របស់​ប៉ាគីស្ថាន៕

 

 

មតិយោបល់