ព័ត៌មានជាតិ

ខ្មោចកប៉ាល់យក្សទីតានិច (Titanic) ដែលមានអាយុកាលជាង ១០០ឆ្នាំ ជិតរលាយបាត់សូន្យឈឹងហើយ

(វ៉ាស៉ីនតោន)៖ ខ្មោចកប៉ាល់យក្សទីតានិច (Titanic) ដែលបានលិចទៅកាន់បាតសមុទ្រអាត្លង់ទិច កាលពីជាង ១០០ឆ្នាំមុន ឥឡូវកំពុងតែរលាយខ្លួនជិតបាត់សូន្យឈឹងហើយ។

ដូច្នេះហើយក្រុមហ៊ុនរុករកក្រោមបាតុសមុទ្រមួយ នៅអាមេរិកឈ្មោះថា OceanGate Expeditions កំពុងតែត្រៀមចេញបេសកកម្ម នៅក្នុងសប្តាហ៍នេះ ទៅកាន់ទីតាំងលិចរបស់កប៉ាល់ទីតានិច។ បេសកកម្មនោះ ទំនងនឹងក្លាយជាបេសកកម្មប្រចាំឆ្នាំ ដើម្បីធ្វើការកត់ត្រា និងចងក្រងជាឯកសារទុក នូវការរលាយបាត់បង់រូបរាង នៃខ្មោចកប៉ាល់យក្សរបស់អង់គ្លេសមួននេះ។

សព្វថ្ងៃខ្មោចកប៉ាល់ដឹកអ្នកដំណើរដ៏ធំខាងលើ ដែលមានអាយុកាល ១០៩ឆ្នាំ បានបាត់បង់អស់ផ្នែកមួយចំនួនរួចស្រេចទៅហើយ ដោយសារតែវាបានរងនូវសម្ពាធ នៃចរន្តទឹកនៅបាតសមុទ្រ ព្រមទាំងបាក់តេរីស៊ីបានដែករបស់វា រាប់រយគីឡូក្រាមក្នុងមួយថ្ងៃៗ។ ចំណុចបាតសមុទ្រដែលខ្មោច Titanic កំពុងស្ថិតនៅ គឺមានជម្រៅប្រមាណ ៣.៨គីឡូម៉ែត្រឯណោះ។

គួរបញ្ជាក់ថា កប៉ាល់ទីតានិច បានលិចក្រោយបុកផ្ទាំងទឹកកកធំមួយ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ នៅមហាសមុទ្រអាត្លង់ទិច កំលុងការធ្វើដំណើរលើកដំបូងរបស់វា ពីទីក្រុង Southampton របស់អង់គ្លេស ទៅទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក។ មានតែមនុស្សខ្ទង់ ៧០០នាក់ប៉ុណ្ណោះបានរួចរស់ជីវិត ក្នុងចំណោមអ្នកដំណើរ និងនាវិកប្រហែល ២,២០០នាក់ដែលជិះនៅលើនោះ។ ខ្មោចកប៉ាល់ទីតានិច ត្រូវបានរកឃើញដំបូងកាលពីឆ្នាំ១៩៨៥៕

 

ប្រែសម្រួល៖ Cambo Space
ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១)

 

 

មតិយោបល់