(កូរ៉េ)៖ ខណៈខែកក្កដា ដែលជាខែថ្មីបានចូលមកដល់ អ្នកគាំទ្រវិស័យខេប៉ុបនឹងអាចរីករាយជាមួយនឹងការវិលត្រលប់របស់តារាចម្រៀង និងក្រុមចម្រៀងល្បីៗជាច្រើនក្រុមដូចជា BTS, សមាជិក EXO និង Girls’ Generation ជាដើម។
តារាចម្រៀងខេប៉ុបល្បីៗជាច្រើនបាននិងកំពុងត្រៀមវិលត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដានេះ ពោលចាប់ផ្ដើមពីថ្ងៃទី៥ ខែកក្កដា ក្រុមចម្រៀងបុរស SF9 នឹងវិលត្រលប់តាមរយៈមីនីអាល់ប៊ុម “TURN OVER” ខណៈសមាជិក ៣រូបពីក្រុម DAY6 របស់ផលិតកម្ម JYP នឹងបញ្ចេញមីនីអាល់ប៊ុមថ្មីរបស់ពួកគេមានចំណងជើងថា “Right Through Me។ ជាមួយគ្នានោះ សមាជិកក្រុមចម្រៀងនារី (G)-I-DLE គឺ Jeon Soyeon (ចន សូយ៉ន) នឹងវិលត្រលប់ជាមួយនឹងសូឡូអាល់ប៊ុមដំបូងបំផុតរបស់នាងមានចំណងជើងថា “Windy”។
ដោយឡែកនៅថ្ងៃទី៦ ខែកក្កដា សមាជិក Taeyeon (ថេយ៉ន) ពីក្រុមចម្រៀងជើងចាស់ Girls’ Generation នឹងបញ្ចេញបទចម្រៀងទោលថ្មីរបស់នាងមានចំណងជើងថា “Weekend”។ រីឯក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS ក៏នឹងវិលត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដានេះដែរ តាមរយៈអាល់ប៊ុម “Butter” រួមជាមួយបទថ្មីមួយទៀតនៅថ្ងៃទី៩។
សមាជិកក្រុមចម្រៀងល្បីចំនួនពីររូបទៀត ដែលនឹងបញ្ចេញអាល់ប៊ុមទោលរបស់ខ្លួនក្នុងខែនេះដែរ រួមមាន Minzy អតីតសមាជិក 2NE1 នឹងវិលត្រលប់តាមរយៈបទថ្មី “Teamo” (ធីអាម៉ូ) នៅថ្ងៃទី១១ ខែកក្កដា ខណៈសមាជិក D.O របស់ក្រុម EXO នឹងបង្ហាញខ្លួនជាតារាចម្រៀងទោលលើកដំបូងតាមរយៈមីនីអាល់ប៊ុមមួយនៅថ្ងៃទី២៦ ខែកក្កដា ៕
ប្រភព៖ Soompi
មតិយោបល់