ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តតូរីសដឹកអ្នកដំណើរ បានបើកទៅបុកជាមួយនឹងរថយន្តដឹកទំនិញពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី រួមនិងក្មេងតូចៗ ជាច្រើននាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ២ យប់ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិអូប្រស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុ រថយន្តតូរីស ដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនដោយមានអ្នកដំណើរនៅក្នុងរថយន្ត លុះបានមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្តរូបនេះ ងោកមួយភាំង បណ្តាលឲ្យរេចង្កូតរថយន្តចូលទៅចំណែកផ្លូវម្ខាងទៀតដែលកំពុងមានរថយន្តដឹកទំនិញបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកគ្នាពេញទំហឹង លាន់ឭដូចរន្ទៈ ជាហេតុជាឲ្យរថយន្តតូរីស រងការខូចខាតស្រុញក្បាលខាងមុខរថយន្ត យ៉ាងដំណំ រហូតបណ្តាលឲ្យអ្នកដំណើរនៅលើរថយន្ត៧នាក់ក្នុងនោះមានស្រីចំនួន៣នាក់ ក្មេងប្រុសតូច១នាក់ រងរបួសស្រាល ចំណែក៦នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែករថយន្តដឹកទំនិញរងការខូចខាតក្បាលរថយន្តយ៉ាងដំណំ ដូចគ្នា ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចនគរបាលចរាចរណ៏បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ខេត្តពោធិ៍សាត់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ៕









មតិយោបល់