ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋមិនបានសម្រេច ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបានយ៉ាងប្រភិតប្រភីង យកមកធ្វើការសាកសួរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត មុខសាលាដំបូងរាជធានី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ដា សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជាអ្នកឌុប និងជាម្ចាស់ម៉ូតូ) ។ ជនសង្ស័យទី២.ឈ្មោះ មាស សួន វិសុធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៨ ផ្លូវលេខ ៦៥២ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកធ្វើសកម្មភាព ។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-6510 ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេទាំង២នាក់ជិះម៉ូតូដើរលេងកោះពេជ្រ ពេលត្រឡប់មកវិញជិះតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះដែលជិះលើកង់បី ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចដេញស្ទាក់ចាប់ខ្លួនបានតែម្តង។
បើតាមសម្តីរបស់សមត្ថកិច្ចស្លៀកពាក់ស៊ីវិល ដែលឈរជើងក្បែរង្វង់មូលនាងគង្ហីងបានឲ្យដឹងថា មុនពេលកើតហេតុលោកបានជិះតាមដានជនសង្ស័យទាំង២ ដោយសារតែមានការសង្ស័យ ពេលជិះមកដល់មុខសាលាដំបូងរាជធានី ជនសង្ស័យក៏បានធ្វើសកម្មភាពឆក់ជាក់ស្តែងពិតប្រាកដមែន ទើបភ្លាមៗនោះលោកក៏បោះដៃតាមវិទ្យុទាក់ទងឲ្យគ្រប់គោលដៅជួយស្ទាក់ចាប់មុខសញ្ញាខាងលើ រហូតដល់ជិតក្រុមហ៊ុនលក់សំបុត្ររថយន្តកាពីតូលក្នុងសង្កាត់បឹងព្រលិត ទើបចាប់ជនសង្ស័យទាំង២នាក់នេះបាន ។ ប៉ុន្តែករណីខាងលើនេះមិនមានជនរងគ្រោះមកដាក់ពាក្យ
បណ្តឹងនោះទេ ។ហើយបច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕




មតិយោបល់