ប្រជាជនអ៊ីស្រាអែល ប្រមាណជា៥៥% បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោច២ដូសរួចហើយ ដែលភាគច្រើនគឺជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Pfizer/BioNTech។ ការចាក់វ៉ាក់សាំង បានយ៉ាងលឿនរហ័សនេះ បានធ្វើឲ្យអ៊ីស្រាអែល បានចាប់ផ្តើម ដកចេញនូវវិធានការរិតបន្តឹងនានា លប់ចោលកាតព្វពាក់ម៉ាសជាដើម បន្ទាប់ពីបានសង្កេតឃើញថា ករណីឆ្លងថ្មី បានចុះថយខ្លាំង។
ក៏ប៉ុន្តែគិតចាប់ពីថ្ងៃទី ២១ មិថុនា មក ការឆ្លងរាលដាល ហាក់បានបោះពួយស្ទុះឡើងវិញ។ ក្នុងថ្ងៃអាទិត្យ ទី៤កក្កដា ករណីវិជ្ជមានថ្មីបន្ថែម មានចំនួនដល់ទៅ៣៤៣នាក់។ ការឆ្លងរាលដាលខ្លាំងនៅពេលនេះ គឺបណ្តាលមកពីកូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា ដែលបានក្លាយជាទៅជាទម្រង់កូវីដ១៩ គ្របដណ្ដប់ភាគច្រើនលើសលុប នៅអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលអ៊ីស្រាអែល អះអាងថា ក្នុងចំណោមអ្នកឆ្លងថ្មី មួយរយៈចុងក្រោយនេះ គឺមានពាក់កណ្តាល ជាកុមារ ហើយពាក់កណ្តាលទៀត គឺសុទ្ធតែជាមនុស្សធំ ហើយដែលភាគច្រើន បានចាក់វ៉ាក់សាំងរួចរាល់ទាំង២ដូសហើយ។
លោក Ran Balicer ប្រធានគណកម្មាធិការជាតិគ្រប់គ្រងជំងឺឆ្លងអ៊ីស្រាអែល បានលើកឡើងថា តាមរយៈការសង្កេតនេះ គឺវាពិតជាមានសញ្ញាណបឋម ដែលហាក់បង្ហាញថា វ៉ាក់សាំងបង្ការ អាចប្រហែលជាមានប្រសិទ្ធភាពចុះខ្សោយ ជាមួយនឹងកូវីដទម្រង់បំប្លែងខ្លួនដែលតា។ តែយ៉ាងណា អ្នកជំនាញអ៊ីស្រាអែលរូបនេះ បន្តសង្ឃឹមថា វ៉ាក់សាំងអាចមានប្រសិទ្ធភាពល្អដដែល ដើម្បីការពារកុំឲ្យមនុស្សដែលឆ្លងកូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ ពោលគឺប្រសិទ្ធភាពខ្ពស់ដូចជាមួយនឹងកូវីដទម្រង់បំប្លែងខ្លួនអាល់ហ្វា។
មតិយោបល់