ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុកក្បាលស្ពានពេញទំហឹង បណ្ដាលឲ្យគៀប ជាប់ ទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចក្បាលស្ពានស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AF 6663 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបម្រុងឡើងស្ពានបណ្ដាលឲ្យជ្រុលចង្កូត ទៅបុកក្បាលស្ពាន ស្ទឹងមានជ័យពេញទំហឹង បណ្ដាលឲ្យរថយន្តផុងជាប់ទៅមុខលែង រួចភ្លាមៗម្ចាស់បានយកសំម្ភារះក្នុងរថយន្ត រួចគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ត្រង់ចំណុចកើតហេតុ រួចទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕








មតិយោបល់