ព័ត៌មានជាតិ

ជនសង្ស័យ​ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ចំនួន៤នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី១ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ​ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ចំនួន៤នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី១ឃាត់ខ្លួន​ខណៈដែល​ជន​ទាំងនេះ​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដំណើរ​តាមផ្លូវ ហើយ​ជួប​កម្លាំង​នគរបាល​ខាងលើ​កំពុង​ល្បាត​ទប់ស្កាត់​ពួនស្ទាក់​បទល្មើស​នៅក្នុង​មូលដ្ឋាន ទើបត្រូវ​អស់លក្ខណ៍​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥ព្រឹក​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​ត្រូវ​ជាប់អន្ទាក់​ទាំង៤នាក់​នោះ​រួមមាន៖ទី១,ឈ្មោះ​ផាត មិថុនា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់ មាន​ទីលំនៅ​ភូមិ​តា​ងួន២ សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ទី ២,ឈ្មោះ​ចាន់ វ​ឍ្ឍ​ន​វិបុល ភេទ​ប្រុស អាយុ១៥ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ខណ្ឌឫស្សីកែវ ។ទី ៣,ឈ្មោះ​ចំរើន ថុ​នា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ទី៤,ឈ្មោះ​ភឿន សុ​ភ័​ក្ក្រ ដា​វីត ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ។

សំភារៈ​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ប​ពី​ដែល​ជាម​ធ្យោ​ជិះ​ធ្វើ​សកម្មភាព​ចំនួន២គ្រឿង​គឺមាន​ស៊េរី​ឆ្នាំ២០១៩ ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HE-6580 ១គ្រឿង និង​ស៊េរី​ឆ្នាំ២០២០ ពណ៍​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1II-2348 ១គ្រឿង។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៤នាក់ លោក វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​កា​កាប​ទី១ បាន​ដឹកនាំ​មន្ត្រី​នៅក្រោម​ឱវាទ ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅក្នុង​មូលដ្ឋាន​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈនោះ​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ។ពេលនោះ​គ្រាន់តែ​បានឃើញ​កម្លាំង​នគរបាល​ភ្លាម​ជនសង្ស័យ​ទាំងនេះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​នគរបាល​ដេញ​ធ្វើការ​ឃាត់ខ្លួន​បានភ្លាមៗរួច​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​កា​កាប​ទី១តែម្ដង។

ក្រោយពេល​ឃាត់ខ្លួន​សួរនាំ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ពួកខ្លួន​ពិតជា​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​បានសម្រេច​ជាច្រើនលើក​រួចមកហើយ។ ដោយឡែក​ពេលនេះ​បម្រុង​ធ្វើ​សកម្មភាព​ឆក់​ទៀត ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​បែបនេះ ។បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​ពី​ជនសង្ស័យខ្លះៗហើយ​នគរបាល​បាននិងកំពុង​បន្ត​ការសាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​បន្ត​ចាត់ការ​តាមច្បាប់៕

មតិយោបល់