តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ហើយចំពោះការរិះគន់ ការចេញទទួលវ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល ចំនួន១០លាននាក់ រួមទាំងកុមារ និងយុវវ័យ ជិត២លាននាក់ទៀតដែលកត្ដាទាំងនោះ៥រួមមាន៖
១-កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។
២-កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ។
៣-កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង។
៤-កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។
៥-មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និងការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជាចលនាជាតិក្នុងទិញវ៉ាក់សាំង និងការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។
សូមរំលឹកថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ចំនួន ៤១ម៉ឺន ៥ពាន់ដូស។
គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមាន ៧៤,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
មតិយោបល់