ព័ត៌មានជាតិ

រាជរដ្ឋា​ភិបាល​នឹង​បន្ត​ទិញវ៉ាក់​សាំង​កូវីដ​-​១៩ ​ ព្រម​​ទាំង​​ពិចារណា​ការ​ចាក់វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋដូស​ទី៣ ​និង​ក្រោម​អាយុ ១៨ឆ្នាំ

រាជរដ្ឋា​ភិបាល​នឹង​បន្ត​ទិញវ៉ាក់​សាំង​កូវីដ​-​១៩ ​និង​សម្រេច​បន្ត​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​តាម​ផែន​ការ​កំណត់​ ព្រម​​ទាំង​​ពិចារណា​ការ​ចាក់វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋដូស​ទី៣ ​និង​ក្រោម​អាយុ ១៨ឆ្នាំ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ចេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។ ប្រភព​ដ​ដែល ក៏បានឱ្យដឹងដែរថា កិច្ចប្រជុំនេះ ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័​ស​​​ដោយសន្សំសំចៃ និងប្រើថវិកាសន្សំដើម្បីទិញឧបករណ៍តេស្ដរហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាមីក្រសួងស្ថាប័ន។

ស្នើដល់រដ្ឋបាលខេត្តនៅ​​តាមព្រំដែន និងអនុគណ:កម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុក​ដាក់​ពង្រឹងស មត្ថភាពការធ្វើចត្តាឡីស័ក ចំពោះពលករនិងប្រជាពលរដ្ឋ ដែលឆ្លងដែនចូលកម្ពុជាឱ្យបានម៉ត់ចត់ ដើ ម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍ និងស្នើដល់គ្រប់ក្រសួង​ស្ថាប័ន​ត្រូវ​អនុវត្ត​ការ​ងារ​តាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និង​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល នៃជំងឺកូវីដ-១៩។

ក្រៅពីនេះ កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីក៏បានពិភាក្សាលើ

១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ផងដែរ៕

មតិយោបល់