កងកម្មង់ដូដែលលបចូលទៅធ្វើឃាតប្រធានាធិបតីហៃទីលោក ហ្សូវឺណែល ម៉ូអ៊ីស៍ កាលពីថ្ងៃទី ៧កក្កដា២០២១ ជាក្រុមឃាតករអាជីពដែលមានសមាសភាព២៨នាក់ ក្នុងនោះ២៦នាក់ជាជនជាតិកូឡុំប៊ី។ នេះបើតាមគូសបញ្ជាក់របស់អគ្គស្នងការប៉ូលិសហៃទី លោក ឡេអុង ឆាល Leon Charles នៅចំពោះមុខអ្នកសារព័ត៌មាន ដោយលម្អិតថា ក្រុមឃាតករបរទេសបានចូលក្នុងប្រទេសហៃទីដើម្បីសម្លាប់ប្រធានាធិបតី។ ពេលនេះប៉ូលិសហៃទីចាប់បាន ជនជាតិអាមេរិកដើមកំណើតហៃទីពីរនាក់ ជនជាតិកូឡុំប៊ី១១នាក់។ ជនដៃដល់ជាតិកូឡុំប៊ីបីនាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការតាមចាប់ដែលមានការបាញ់តបតគ្នាយ៉ាងខ្លាំង និង៨នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។
ចំណែកខាងតៃវ៉ាន់វិញ តៃវ៉ាន់បានជូនដំណឹងនៅថ្ងៃសុក្រទី ៩ កក្កដា ថាមានជនសង្ស័យចំនួន១១នាក់ មានជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់ប្រធានាធិបតីហៃទី បានលួចចូលមកសំងំនៅក្នុងទីធ្លាស្ថានទូតតៃវ៉ាន់ប្រចាំក្រុងព័រអូប្រាំង មុននឹងត្រូវបានប៉ូលិសហៃទីចាប់ខ្លួន។
ជាងនេះទៅទៀត នៅក្នុងចំណោមក្រុមកម្មង់ដូទាំង២៨នាក់ មានយ៉ាងហោចណាស់ក៏៦នាក់ ជាអតីតនាយទាហានកូឡុំប៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ី លោក Diego Molano។ ចំណែកសហរដ្ឋអាមេរិក ដោយមិនបញ្ជាក់អំពីការចាប់ខ្លួនជនជាតិអាមេរិកដើមកំណើតហៃទី អាមេរិកបានប្រកាសព្រមជួយធ្វើអង្កេតឱ្យហៃទី។
ក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីស្តីទីហៃទី លោក ក្លូត ហ្សូហ្សេ និងអគ្គស្នងការប៉ូលិស ឡេអុង ឆាល បានអំពាវនាវឱ្យប្រជាពលរដ្ឋហៃទីទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងកុំដើរតួជាចៅក្រមរកយុត្តិធម៌ឱ្យប្រធានាធិបតីខ្លួនឯង តែត្រូវទុកភារកិច្ចឱ្យប៉ូលិសនិងតុលាការបំពេញការងារអង្កេតត្រឹមត្រូវ។ នាយករដ្ឋមន្ត្រីស្តីទី ក៏បានបញ្ជាឱ្យបើកអាកាសយានដ្ឋានអន្តរជាតិឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋហៃទីបើកហាងនិងត្រលប់ទៅធ្វើការជាធម្មតាឡើងវិញ៕
មតិយោបល់