ព័ត៌មានជាតិ

UN ៖ បាន​ថ្កោលទោស​លើ​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​កងទ័ព​ភូមា​លើ​ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា និង​ក្រុម​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​នៅ​ភូមា

សេចក្តីសម្រេច​ដែល​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​បាន​អនុម័ត​ដោយ​គ្មាន​ការ​បោះឆ្នោត​ជា​សំណើ​របស់​ប្រទេស​ប៉ាគីស្ថាន​ដែល​តំណាង​ឲ្យ​ក្រុម​ប្រទេស​សមាជិក​នៃ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម។ លោក​ខាលីល ហាស្ម៊ី អ្នក​តំណាង​ប៉ាគីស្ថាន​បាន​ថ្លែង​នៅ​ពេល​បង្ហាញ​សំណើ​ថា ស្ថានភាព​មនុស្សធម៌ និង​សិទ្ធិមនុស្ស​របស់​ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​តែ​មានសភាព​ធ្ងន់ធ្ងរ ដុនដាប និង​តម្រូវ​ឲ្យ​មាន​ការ​អំពាវនាវ​រួម​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដោយ​ស្នើ​ឱ្យ​ភូមា​បញ្ឈប់​ការ​រំលោភសិទ្ធិមនុស្ស​ជា​បន្ទាន់។

 

ទន្ទឹម​នឹង​ផ្តោត​សំខាន់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ពួក​រ៉ូហ៊ីងយ៉ា និង​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​នៅ​ភូមា សេចក្តីសម្រេច​ដែល​ជា​សំណើ​របស់​ប៉ាគីស្ថាន​ដដែល​មួយ​នេះ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បើក​ឡើង​នូវ​នីតិវិធី​នៃ​ការ​ផ្សះផ្សា​ផ្ទៃក្នុង​ប្រកប​ដោយ​ការ​ស្ថាបនា និង​សន្តិវិធី​ដែល​អនុលោម​តាម​ឆន្ទៈ និង​ផល​ប្រយោជន៍​របស់​ប្រជាជន​ភូមា រួម​ទាំង​ប្រជាជន​រ៉ូហ៊ីងយ៉ា និង​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​នៅ​ភូមា។ បន្ទាប់​មក សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​មិន​ភ្លេច​សម្តែង​ពី​ការ​គាំទ្រ​ឥត​ងាករេ​ចំពោះ​ពលរដ្ឋ និង​សេចក្តីប្រាថ្នា​ប្រជាធិបតេយ្យ​របស់​ពួក​គេ។

ចុង​ក្រោយ សេចក្តីសម្រេច​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​កំណើន​អំពើហិង្សា កំណើន​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ពួក​រ៉ូហ៊ីងយ៉ា​ជា​ជន​រងគ្រោះ និង​កំណើន​នៃ​ការ​បម្លាស់ទី​របស់​ជន​ស៊ីវិល​ដោយ​បង្ខំ មាន​ទាំង​ពួក​រ៉ូហ៊ីងយ៉ា និង​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត។ នៅ​ក្នុង​ន័យ​នេះ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​បិទបញ្ចប់​ជា​បន្ទាន់​នូវ​ការ​ប្រយុទ្ធ​គ្នា អរិភាព និង​ការ​វាយប្រហារ​លើ​ជនស៊ីវិល​ដើម្បី​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន និង​ជនបម្លាស់ទី​ដែល​ចង់​វិល​ត្រឡប់​ដោយ​ស្ម័គចិត្ត​អាច​វិល​ត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព ថ្លៃថ្នូរ និង​យូរអង្វែង៕

មតិយោបល់