គឺនៅក្នុងកិច្ចសន្ទនាមួយជាមួយកាសែតអាល្លឺម៉ង់ Deutsche Welle ក្នុងថ្ងៃពុធ ទី១៤ កក្កដាដែលអតីតប្រធានាធិបតីអាមេរិកលោក George W.Bush បានប្រើពាក្យ «កំហុស» ដើម្បីរិះគន់ពីការដកកម្លាំងណាតូចេញពីទឹកដីអាហ្វហ្កានីស្ថាន។ ជាកំហុសដោយលោក Bush យល់ឃើញថា ស្ថានការណ៍នយោបាយនៅអាហ្វហ្កានីស្ថាននឹងអាក្រក់ខ្លាំង ហើយអ្នកដែលនឹងទទួលរងគ្រោះធ្ងន់ធ្ងរមិនអាចពិពណ៌នាបាន គឺគ្មាននរណាក្រៅពីស្រ្តី និងក្មេងស្រីអាហ្វហ្កានីស្ថានទេ។
ស្រ្តី និងក្មេងស្រីអាហ្វហ្កានីស្ថានដែលលោក Bush ចង់ផ្តោតសំខាន់នេះ គឺអ្នកដែលបានធ្វើការជាមួយកម្លាំងទ័ពបរទេស។ តាមលោក Bush ពួកគេនឹងអាចត្រូវពួកតាលីបង់សម្លាប់យ៉ាងខ្លោចផ្សាជាទីបំផុត។ «រឿងនេះធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់» នេះជាការថ្លែងរបស់លោក Bush។ សូមបញ្ជាក់ថា កិច្ចសន្ទនារបស់លោក Bush និងកាសែតអាល្លឺម៉ង់ Deutsche Welle ធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីមែរកិលនៅអាមេរិក។
អតីតប្រធានាធិបតីអាមេរិករូបនេះដដែលបានបន្ថែមថា អ្វីដែលលោកមានអារម្មណ៍ និងបានគិតនេះក៏ជាការយល់ឃើញរបស់លោកស្រីមែរកិលដែរ។ ប្រតិកម្មរបស់លោក W.Bush បានធ្វើឡើង ខណៈដែលអាមេរិក និងអង្គការណាតូត្រៀមដកកម្លាំងទ័ពទាំងអស់ចេញពីអាហ្វហ្កានីស្ថាននៅត្រឹមដំណាច់ខែសីហា។ ការដកនេះនឹងបិទបញ្ចប់ទាំងស្រុងនូវសង្រ្គាមរយៈ ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន។
គួររម្លឹកថា គឺលោក W.Bush ជាអ្នកផ្តើមសង្រ្គាមនៅអាហ្វហ្កានីស្ថានក្នុងខែតុលា ឆ្នាំ ២០០១ ពោលប៉ុន្មានសប្តាហ៍ក្រោយមហាភេរវកម្មថ្ងៃ១១ កញ្ញា ២០០១ នៅអាមេរិក។ កម្មវត្ថុរបស់លោក Bush កាលណោះ គឺតាមប្រម៉ាញ់មេកើយអាល់កៃដាអូសាម៉ា បិនឡាដិនដែលមេខ្លោងនៅពីក្រោយការវាយប្រហារអាមេរិកក្នុងថ្ងៃទី១១ កញ្ញា ២០០១៕
មតិយោបល់