ព័ត៌មានជាតិ

មិនប្លែកយ៉ាងម៉េច! បុរសម្នាក់ ស្រាប់តែតែងខ្លួនជាដាយណូស័រ ទៅចាក់វ៉ាក់សាំង ផ្អើលអស់មនុស្សម្នា

(បរទេស)៖ បុរសជនជាតិម៉ាឡេស៉ីម្នាក់ ស្រាប់តែបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន បន្ទាប់ពីលោកបានសម្រេចិត្តប្លែកៗ ធ្វើការតុបតែងខ្លួនជាសត្វណាយណូស័រ អំឡុងពេលទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ក្រៅពីគ្រប់គ្នាដែលជួបលោកផ្ទាល់ មានការចាប់អារម្មណ៍ ងាកទៅមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងអស់សំណើច ជុំវិញរូបភាពប៉ុន្មានសន្លឹក ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ស្លៀកឈុតដាយណូស័រ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បើតាម Indian Express បានឲ្យដឹងថា រូបភាពទាំងប៉ុន្មាននេះ ត្រូវបានថតឡើងនៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងរដ្ឋ Sarawak នៃប្រទេសម៉ាឡេស៊ី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

 

ជាក់ស្ដែង តាមរយ: រូបភាពនីមួយៗ បានបង្ហាញឲ្យឃើញពីជំហាននៃការទៅចាក់វ៉ាក់សាំង ដោយមានការតម្រង់ជួរ បំពេញសំណុំបែបបទ យកសំណុំបែបបទទៅកាន់កន្លែងចុះឈ្មោះ អង្គុយរង់ចាំវេនចាក់វ៉ាក់សាំង និងចុងក្រោយ ថតរូបទុកជាអនុស្សាវរីយ៍នៅស្ដង់ថតរូបជាការស្រេច។ យ៉ាងណាមិញ ជុំវិញសកម្មភាពខាងលើនេះ មិនបានបង្កជាការរំខានដល់មណ្ឌលចាក់វ៉ាក់សាំងឡើយ តែផ្ទុយទៅវិញ វាបានបង្កើតឲ្យមានភាពសើចសប្បាយ។ ហើយនេះជាវ៉ាក់សាំងដូសទីមួយសម្រាប់បុរសនោះផងដែរ៕

ប្រភព៖ Indian Express

 

 

 

មតិយោបល់