ព័ត៌មានជាតិ

ប្រទេស​ភូមា​កំពុង​រង​រលក​រាតត្បាត ជំងឺកូវីដ១៩យ៉ាង​ខ្លាំង ខណ:ប្រជាពលរដ្ឋកំពុង​ត្រដរ​​រក​ខ្យល់​​​អុកស៊ីហ្សែន​មកសង្គ្រោះ​ជីវិត​សាច់​ញាតិ

រ៉ង់ហ្គូន ដែលមានប្រជាជន​រស់នៅ​ជាង​៧​លាននាក់ និង​ក្រុង​ធំទីពីរ​របស់​ភូមា ត្រូវ​បាន​បិទ​ខ្ទប់​តាំង​ពី​ជាច្រើនថ្ងៃ​មកហើយ​ដើម្បី​ទប់ស្កាត់​ការចម្លង​រាតត្បាត​នៃជំងឺកូវី​១៩។ ប៉ុន្តែ​ចំនួនអ្នកឆ្លង​ថ្មី និង​អ្នកស្លាប់​ នៅ​តែកើន​ឡើង​ជា​លំដាប់​ និង​យ៉ាង​ខ្លាំង​ដដែល។ ជាង​៧០០០ករណី​ឆ្លងថ្មី​ក្នុង​ថ្ងៃពុធ​ទី ១៤​កក្កដា ២០២១ ទល់នឹងក្រោម​​៥០​នាក់ក្នុង​មួយ​ថ្ងៃ​កាលពី​ដើម​ខែ​ឧសភា។​

ប្រឈម​នឹង​សន្ទុះ​កំណើន​អ្នក​វិជ្ជមាន មន្ទីរ​ពេទ្យ​ខ្វះ​សព្វ​ខ្វះ​គ្រប់ ជាពិសេស​គឺ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​សម្រាប់​ជំនួយ​ដង្ហើម​អ្នក​ជំងឺ​​កូវីដ​១៩​តែម្តង។ សាច់​ញាតិអ្នកជំងឺ​ត្រូវ​តម្រង់​ជួរ​យ៉ាង​វែង រាប់រយ​នាក់ ចាំ​បំពេញ​ទុក​​បំពង់​​អុកស៊ីហ្សែន​ តាម​មណ្ឌលចែក​ចាយ​អុកស៊ីហ្សែន ឬ​ស្ថានីយ៍​​ផ្សេងៗ ខ្លះ​បានដោយឥត​គិត​ថ្លៃ ខ្លះ​ត្រូវ​ទិញ​។

កាលពី​ថ្ងៃ​អង្គារ​ទី ១៣​កក្កដា ប្រមុខ​ដឹកនាំយោធា​ភូមា បាន​អះអាងថាប្រទេស​មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់​ ពុំមាន​គ្រោះ​អាសន្នអ្វី​គួរ​ឱ្យ​បារម្ភ​ទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ សារព័ត៌មាន​ផ្លូវការ​ Global New Light of Myanmar បាន​ទទួលស្គាល់​ថា​ភូមា កំពុង​ចាប់​ជួប​ការ​លំបាក​។

កំណើន​អ្នកឆ្លង​ថ្មី​បាន​ស្ទុះឡើង​ខ្លាំង​ ក្នុង​ខណៈ​ដែលប្រទេស​កំពុង​អង្រួន​ដោយ​អំពើ​ហិង្សា​ និង​កូដកម្មរយៈពេលវែង​របស់​ក្រុមគ្រូពេទ្យ​និង​បុគ្គលិកសុខាភិបាល ប្រឆាំង​នឹង​មេដឹកនាំ​យោធា។ ចំណែកយុទ្ធនាការ​ចាក់ថ្នាំបង្ការកូវីដ​១៩ ប្រព្រឹត្តទៅ​យ៉ាង​យឺត​បំផុត។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​៥៤​លាន​នាក់ មាន​តែ​ប្រមាណ២លាន​នាក់​ប៉ុណ្ណោះ​បាន​ទទួលវ៉ាក់សាំងរួច។ ភូមា​ត្រូវ​ទទួល​វ៉ាក់សាំងពី​​ចិន​​ចំនួន​៦​លាន​ដូស​បន្ថែម​ទៀត​នៅ​ខែក្រោយ ពោលគឺ​យឺតពេលបន្តិចទៅ​ហើយ​សម្រាប់​អ្នក​ជំងឺ​កំពុង​ដង្ហក់​​រក​ខ្យល់។

មេដឹកនាំ​យោធា​គ្មានធនធាន គ្មាន​សមត្ថភាព​និង​ភាពស្របច្បាប់​ចាំបាច់​ក្នុង​ការ​គ្រប់គ្រងវិបត្តិ​នេះទេ។ វិបត្តិ​កូវីដ​១៩ នឹង​សម្លាប់​ជីវិតមនុស្ស​ច្រើន​ជា​ពិសេស​នៅភូមា ​ដោយ​ហេតុ​តែ​ភាព​មិនទុក​ចិត្ត​លើ​មេដឹកនាំ​សឹក។ នេះ​បើ​តាម​លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកកិច្ចការភូមា៕

 

 

មតិយោបល់