ព័ត៌មានជាតិ

អ្នកដំណើរមកពីក្រៅប្រទេសត្រូវត្រួតពិនិត្យពីក្រសួងសុខាភិបាលនិងមន្រ្តីនគរបាលអន្តោប្រវេសន៍ជាមុនសិន ទើបអនុញ្ញាតឲ្យចូលមកកម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថា អ្នកដំណើរមកពីក្រៅប្រទេសត្រូវឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលនិងមន្រ្តីនគរបាលអន្តោប្រវេសន៍ជាមុនសិន ទើបអនុញ្ញាតឲ្យចូលមកកម្ពុជាបានដើម្បីទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំពេញបានឲ្យដឹងថា ប្រទេសនៅទូទាំងសកលលោករួមទាំងកម្ពុជាផងដែរ កំពុងរងការរាតត្បាតពីជំងឺកូវីដ១៩។ ដូច្នេះបណ្តាប្រទេសនានា កំពុងដាក់ចេញ នូវវិធានការផ្សេងៗដើម្បីទប់ស្កាត់មេរោគអត់ស្រមោលនេះឲ្យមានប្រសិទ្ធភាព។

លោកបន្តថា ក្នុងនោះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែរឹតត្បិតការចេញចូលរបស់ប្រជាពលរដ្ឋពិសេសអ្នកដំណើរពីក្រៅប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីទប់កុំឲ្យឆ្លងមេរោគដ៏កាចសាហាវនេះចូលកម្ពុជាទៀត។

លោកបន្តទៀតថា ដើម្បីធានាប្រសិទ្ធភាពរាល់អ្នកដំណើរចូលមកកម្ពុជានៅពេលបច្ចុប្បន្នត្រូវមាននីតិវិធីនិងលក្ខខណ្ឌមួយចំនួនដូចជា ការត្រួតពិនិត្យសុខភាព មានថវិកា ចាប់ពី ២០០០ដុល្លារ និងធានារ៉ាប់រងថ្លៃចំណាយទាក់ទងនឹងបញ្ហាព្យាបាលសុខភាពផ្សេងៗពីមន្ត្រីសុខាភិបាលដែលប្រចាំការ នៅច្រទ្វារព្រំដែនអន្តរជាតិភ្នំពេញនិងការពិនិត្យដោយកងកម្លាំងនគរបាលអន្តោប្រវេសន៍នូវឯកសារភ្ជាប់ឲ្យបានគ្រប់គ្រាន់ទើបមានការអនុញ្ញាតឲ្យចូលមកកម្ពុជា ហើយបើមិនមានឯកសារ និងលក្ខខណ្ឌគ្រប់គ្រាន់ទេ មន្ត្រីជំនាញនៅទីនោះនឹងបញ្ជូនអ្នក ដំណើរទាំងនោះទៅកាន់ប្រទេសរៀងៗខ្លួនវិញ។

“តាមការសម្រេចរបស់ក្រសួងសុខាភិបាលដែលអនុវត្តទៅលើភ្ញៀវដែលចូលមកប្រទេសកម្ពុជាត្រូវមានឯកសារមួយចំនួនដូចខាងក្រោមនេះ.ទី១ ភ្ញៀវមុននឹងចូលមុននឹងមកកម្ពុជាត្រូវតែមានក្រដាសតេស្តកូវីដ១៩ដែលជាតម្រូវការរបស់ក្រសួងសុខាភិបាល ទី ២ត្រូវមានធានារ៉ាប់រងសម្រាប់ការចំណាយលើថ្លៃព្យាបាល ទី៣ត្រូវមានលុយចំនួន ២០០០ដុល្លារនៅពេលដែលចុះមកដល់ព្រលានយន្តហោះកម្ពុជានិងទី៤ត្រូវមានលក្ខខណ្ឌជាមួយអន្តោប្រវេសន៍ទាក់ទងនឹងលិខិតឆ្លងដែន”។

សូមបញ្ជាក់ថាចាប់ពីឆ្នាំ២០២០ ដល់២០២១នេះ ក្រោយអនុវត្តនីតិវិធីរឹតបន្តឹងការចេញចូលរបស់អ្នកដំណើរក្រៅប្រទេសរួចមកឃើញថាអ្នកដំណើរចំនួនជាង ៥៣ករណីហើយដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ហើយមន្ត្រីអន្តោប្រវេសន៍ក៏សុំគោលការណ៍ពីក្រសួងសុខាភិបាលរួមទាំងក្រុមហ៊ុនហោះហើរបញ្ជូនអ្នកទាំងអស់នោះទៅប្រទេស កំណើតវិញ៕

 

មតិយោបល់