ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងជាសាធារណៈថា យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី០១ ខែសីហាខាងមុខនេះ។
ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ជប៉ុននៅរាត្រីនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចនឹងធ្វើជាអធិបតីនៃពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ផងដែរថា សម្ដេចនឹងនាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
សម្ដេចតេជោ ឱ្យដឹងផងដែរថា ចៅៗ និងកូនៗរបស់ថ្នាក់ដឹកនាំដទៃទៀត ក៏នឹងចូលរួមចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញដំណើរពីរាជធានីភ្នំពេញមុនដំបូងគេ ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ មានចំនួនប្រហែល ២៣ម៉ឺននាក់៕
មតិយោបល់