ព័ត៌មានជាតិ

លោក ចូ បៃដិន ធានាបន្តគាំទ្រអាហ្វហ្កានីស្ថាន ខណៈក្រុមតាលីបង់ ដណ្ដើមបានទឹកដីកាន់តែច្រើន

 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានអះអាងជាថ្មីឡើងវិញពីការប្ដេជ្ញាចិត្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាហ្វហ្កានីស្ថាន ចំពោះមុខ ការបង្កើនការវាយលុកដណ្ដើមកាន់កាប់ទឹកដីរបស់ក្រុមតាលីបង់ ខណៈកងទ័ពអាមេរិកជិតដកចេញទាំងស្រុងហើយ។

ការបញ្ជាក់ឡើងវិញពីជំហររបស់សហរដ្ឋអាមេរិក ធ្វើឡើងនៅក្នុងកិច្ចនសន្ទនាតាមទូរស័ព្ទរវាងលោក បៃដិន និងប្រធានាធិបតីអាហ្វហ្កានីស្ថា ន លោក Ashraf Ghani) កាលពីថ្ងៃសុក្រ ទី២៣ ខែកក្កដានេះ។ បើតាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោក បៃដិនបានប្រាប់លោក ហ្កានីថា សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយដល់ប្រជាជន និងយោធាអាហ្វហ្កានីស្ថាន ជាមួយផែនការផ្ដល់ជំនួយផ្នែកសន្តិសុខជាង ៣.៣ពាន់លានដុល្លារសម្រាប់ អាហ្វហ្កានីស្ថាន ក្នុងឆ្នាំសារពើពន្ធ ២០២២។

លោក ចូ បៃដិន បានបញ្ជាឱ្យដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាននៅត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខ ពោលគឺឱ្យបានមុនថ្ងៃខួបនៃការវាយប្រហារ ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ហើយបើតាមទីបញ្ជាការកណ្ដាលយោធាអាមេរិក ការដកទ័ពចេញពីសម្រេចបានច្រើនជាង ៩៥ភាគរយហើយ។

ប៉ុន្តែព្រមពេល ជាមួយគ្នា នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ Mark Milley បានអះអាងថាបច្ចុប្បន្នស្រុក ជាងពាក់កណ្ដាលនៃស្រុកសរុបទាំងអស់ ៤១៩ ក្នុងប្រទេសអាហ្វហ្កានីស្ថា នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់