បាត់ដំបងៈ បុរសម្នាក់បានរងរបួសដេកពេទ្យ រីឯម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីទាស់សម្ដីគ្នា ហើយក៏ឈានដល់ប្រើហិង្សា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ-ឃុំភ្នំព្រឹក ខេត្តបាត់ដំបង។
ជនបង្កឈ្មោះ ឆន សុវ៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ គឹម ផា ហៅផាន់ ភេទប្រុស អាយុ៤៤ឆ្នាំ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ព2 ខេត្តបាត់ដំបង។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យ និងជនម្នាក់ទៀត ផឹកស្រវឹងស្រឿងៗ បានភ្នាល់ប្រដាល់គ្នាលេង ដោយចាក់៤០០០រៀល ហើយឲ្យម្នាក់កាន់លុយឲ្យ ក្រោយពីភ្នាល់ឈ្នះ អ្នកចាញ់យកលុយវិញ អ្នកឈ្នះស្តីឲ្យអ្នកកាន់លុយថា គ្រាន់តែឲ្យកាន់លុយប៉ុណ្ណឹងក៏ឲ្យគេយកលុយវិញ ហើយក៏ឈានដល់ការជជែកគ្នាយ៉ាងតឹងសរសៃក ក៏ផ្ទុះជម្លោះវាយតប់គ្នា បណ្ដាលឲ្យមានអ្នករងរបួស និងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្ត៕
មតិយោបល់