ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាវាមួយគ្រឿងដឹកជនជាតិចិន លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងសម្ថកិច្ចជំនាញបង្ក្រាប និងឃាត់ខ្លួនបានមនុស្ស ៣៨នាក់ (Update)

ព្រះសីហនុ ៖ នាវាមួយគ្រឿងដឹកជនជាតិចិន លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធរួមមាន ៖ មូលដ្ឋានសមុទ្រ, ទីបញ្ជាការជួរមុខ, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី, ប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឲ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ថា ការបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់តាមផ្ទៃទឹកនេះ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស ៣៨នាក់ ក្នុងនោះជនជាតិចិន៣៦នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរ២នាក់ (កម្មករ) និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ១-លិខិតឆ្លងដែន ចំនួន ៥ក្បាល, Sea Man Book ចំនួន ៣ក្បាល, ឯកសារនាវា ចំនួន ១ក្បាល, ទូរស័ព្ទដៃ ចំនួន ៦គ្រឿង និងដុំឧបករណ៍ GPS ចំនួន ១គ្រឿង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ឯកឧត្តមបានបន្ថែមថា ក្រោយធ្វើការត្រួតពិនិត្យ និងសាកសួរក្រុមនាវិក បានអះអាងថា នាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែហ៊្វូអាន ខេត្តហ៊្វូចៀន ប្រទេសចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដោយផ្ទុកមនុស្សចំនួន៣៨នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ បានបញ្ជាក់ទៀតថា ក្រោយចាប់ខ្លួនជនជាតិចិនទាំង៣៦នាក់នេះ សមត្ថកិច្ចបានបញ្ជូនទៅស្នាក់ការត្រៀមបណ្ដេញចេញ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីបន្ត តាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ដោយឡែកនាវាខាងលើ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ ៕

 

មតិយោបល់