(វៀតណាម)៖ លោក Le Dai Phat អាយុ២៨ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញខាងធ្វើក្រចកដៃម្នាក់ ដែលមានទេពកោសល្យខ្ពស់អស់រយៈពេល ៤ ឆ្នាំមកហើយ ក្នុងទីក្រុង Ho Chi Minh ហើយថែមទាំងបើកសាលាបង្ហាត់បង្រៀនធ្វើក្រចកផងដែរ។ គាត់អាចគូររូបចម្លាក់នានា រូបសាសនា វប្បធម៌ និងទេសភាពជាដើម ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយនេះជាគំនិតថ្មីមួយ ដែលគាត់បាននឹកឃើញ ខណៈពេលដែលគាត់ត្រូវនៅតែផ្ទះ ដោយសារជំងឺកូវីដ-១៩រាតត្បាត។
ទន្ទឹមនឹងនេះដែរ គាត់តែងតែចាត់ទុកខ្លួនគាត់ផ្ទាល់ជាអ្នកនិទានរឿងព្រេង តាមរយៈការគូរគំនូរលើក្រចកសប្បនិម្មិតផ្ទាល់តែម្ដង។ ហើយការគូរនេះគឺមិនមែនងាយស្រួលឡើយ ដោយគម្រោងខ្លះ ចំណាយពេលចន្លោះពី១ទៅ២សប្ដាហ៍ និងគម្រោងខ្លះទៀត ចំណាយពេលរហូតដល់ទៅ២ខែឯណោះ។ លោក Le Dai Phat បាននិយាយរៀបរាប់ដែរថា «ដំបូងឡើយ ខ្ញុំប្រឈមមុខនឹងការលំបាកយ៉ាងច្រើន ដោយសារតែការងារនេះជាការងាររបស់មនុស្សស្រី។ ហើយខ្ញុំត្រូវតស៊ូជម្នះសម្ពាធផ្លូវចិត្ត និងការរើសអើងពីមនុស្សជាច្រើនផងដែរ»។
យ៉ាងណាមិញ បច្ចុប្បន្ននេះ គាត់មិនត្រឹមតែជាអ្នកជំនាញខាងក្រចកទេ គាត់ក៏ជាអ្នករួមការងារជាមួយផលិតផលល្បីៗជាច្រើន និងជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Tik Tok ដែលមានអ្នកតាមដានយ៉ាងច្រើនផងដែរ៕
មតិយោបល់