ព័ត៌មានជាតិ

អាជ្ញាធរក្រុងកោះរ៉ុង សម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម បន្ទាប់ពីធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់

យោងតាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋបាលក្រុងកោះរ៉ុង សម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុ នេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាក រកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។ ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។
សូមជម្រាបថា អ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្ត រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលក្នុងក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃដដែល។

មតិយោបល់