បើតាមWHO មិនមានវិធានការតែមួយណាអាចទប់ស្កាត់ការចម្លងបានទេ គឺទាមទារឲ្យមានការសហការគ្នាប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈ និងសង្គមដែលផ្អែកលើហានិភ័យ។
ការផ្អាកការធ្វើដំណើរដែលមិនចាំបាច់ ការរឹតបន្តឹងការប្រមូលផ្តុំ ពិសេសកន្លែងបិទជិត ត្រូវតែអនុវត្តឲ្យបានពេញលេញ តែអនុញ្ញាតឲ្យអាជីវករដែលមានសុវត្ថិភាពអាចដំណើរការឡើងវិញ។ ជាមួយគ្នានេះ ការដាក់ចេញវិធានការកាត់បន្ថយហានិភ័យនៅក្នុងវិស័យអាជីវកម្ម និងនៅកន្លែងការងារ គឺចាំបាច់ដើម្បីធានាដល់ការបើកដំណើរការឡើងវិញប្រកបដោយសុវត្ថិភាព។ នេះបើតាមអង្គការសុខភាពពិភពលោក។
ការចេញមកព្រមានសារជាថ្មីទៀតរបស់អង្គការWHO គឺនៅគ្រាដែលមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី កំពុងត្រូវបានរកឃើញទៅលើពលករខ្មែរដែលវិលមកពីប្រទេសថៃ ហើយជំងឺឆ្លងសាហាវមួយនេះ កំពុងវាយលុកទៅដល់សហគមន៍។
គួរឲ្យដឹងថា យ៉ាងហោចណាស់កូវីដ១៩បំប្លែងខ្លួនថ្មីចំនួន១១៤ករណីត្រូវបានរកឃើញនៅកម្ពុជាគិតពីថ្ងៃទី៣១មីនាដល់ថ្ងៃទី២៥កក្កដា។ភាគច្រើនបំផុតនៃអ្នកឆ្លងជំងឺនេះជាពលករចំណាកស្រុករបស់កម្ពុជាដែលចូលមកវិញតាមច្រកអូស្មាច់ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕
មតិយោបល់