នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដែលជាថ្ងៃទី១
យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋជាមាតាបិតា និងអ្នកអាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បាននាំកូនៗ មកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០៩ទីតាំង នៅទូទាំងខេត្តព្រះសីហនុ។
មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បានបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពានាវដល់មាតាបិតា និងអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។
ទន្ទឹមនេះ ឯកឧត្តម ក៏បានក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងគោលការណ៍ “៣.ការពារ ៣.កុំ” របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕
មតិយោបល់