ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរ យើងជាច្រើនកាលពីម្សិលមិញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ មានការខកចិត្ត យ៉ាងខ្លាំង ខណៈដែលបានចូលទៅផ្សារទំនិញ រួចពន្ធភ្នំពេញឬហៅថា ផ្សារក្រោមដី ណាហ្គាវើល ដែលគេបានបើកសាកល្បងនោះ ព្រោះទំនិញគ្រប់មុខដែលគេដាក់តាំងលក់ក្នុងផ្សារនោះ ប្រជាជនខ្មែរ យើងគ្មានសិទ្ធិ ទិញទំនិញនោះបានទេ ពោលគឺបងប្អូនខ្មែរយើង បានត្រឹមតែមានសិទ្ធិដើរ មើលនិងលេបទឹកមាត់ប៉ុណ្ណោះ រីឯជនបរទេសគ្រប់ជាតិសាសន៍ គេមានសិទ្ធិពេញលេញ ទិញនូវទំនិញអត់បង់ពន្ធទាំង នោះ ។
ក្នុងថ្ងៃបើកសាកល្បងនោះ ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចូល ទៅទិញទំនិញល្អៗ អត់បង់ពន្ធនៅផ្សារ ក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើលនោះ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ហើយពួកគាត់បាននិយាយ គ្រប់ៗគ្នាថា” ពួកយើងមានការសោកស្តាយ ខណៈគេហាមមិនឲ្យពលរដ្ឋខ្មែរ យើងទិញ ទំនិញក្នុងផ្សារនេះបាន ។ បន្តិចទៀតនៅកណ្តាលទីក្រុងយើងក្លាយជាតំបន់ចែកដាច់ដោយ ឡែកគឺតំបន់ខ្មែរ និងតំបន់ពួកបរទេសហើយ ។ គេមករកស៊ីនៅក្នុងស្រុកខ្មែរ តែបែរជាខ្មែរគ្មានសិទ្ធិទិញ ទំនិញក្នុងផ្សារ ដែលបង្កើតនៅ ក្នុងស្រុកខ្មែររបស់ខ្លួន”។
ក្រុមប្រជាពលរដ្ឋ ដែលខកចិត្តនាពេលនោះ បានលើងឡើងថា ការដែលរដ្ឋាភិបាលឲ្យក្រុមហ៊ុននេះ នាំទំនិញអត់បង់ពន្ធចូលគឺធ្វើឲ្យរដ្ឋយើងខាត បង់ចំណូលច្រើនណាស់ ព្រោះមិនដឹងជាក្រុមហ៊ុននោះ នាំចូលសំរាប់តែលក់ ក្នុងផ្សារឬក៏លួចលក់ចេញ ទៅខាងក្រៅយកចំណេញបន្ថែមនោះទេ ។ បើក្រុមហ៊ុនណាហ្គាវើលពិតជាខ្លាំង ពិតជាត្រឹមត្រូវដែលមិនឲ្យខ្មែរទិញទំនិញ អត់បង់ពន្ធក្នុងផ្សារនេះ គួរតែក្រុមហ៊ុនណាហ្គាវើល ហាមពលរដ្ឋខ្មែរកុំឲ្យចូលទៅ លេងល្បែងក្នុងនោះដែរទៅ ព្រោះគេមើលឃើញថា សព្វថ្ងៃនេះខ្មែរយើងចូលទៅ លេងល្បែងចាញ់អស់ សល់តែក្តិតខោមានប្រមាណ៨០% រីឯពួកបរទេសមាន តែប្រមាណ២០%ប៉ុណ្ណោះ ។ បើណាហ្គាវើល ហាមបានកុំឲ្យខ្មែរចូលលេងទើប គេហៅថា ក្រុមហ៊ុនល្អ នៅក្នុងនោះមានកន្លែង បញ្ចាំរបស់ទ្រព្យគ្រប់ ប្រភេទ ដោយគ្មានលិខិតស្នាម ក៏ទទួលយកដែរ ហើយកន្លងមកអាជ្ញាធរ និងសមត្ថកិច្ចអត់ហ៊ានក្អកជា មួយក្រុមហ៊ុននេះទេ ។ ដូច្នេះសូមរាជរដ្ឋាភិបាល មើលលើករណីនេះផង ព្រោះក្នុងច្បាប់បើកល្បែងស៊ីសង គេមិនអនុញ្ញាតឲ្យខ្មែរចូលលេងទេ ចុះហេតុអ្វីក្រុមហ៊ុនណាហ្គាវើលនេះ ឲ្យខ្មែរចូលលេងបានម៉ាសេរីដូច្នេះ។
ប្រជាពលរដ្ឋ បានសូមណូមពរ ទៅដល់រដ្ឋាភិបាល ជួយឲ្យពលរដ្ឋខ្មែរ បានទិញទំនិញ ក្នុងផ្សារក្រោមដី ណាហ្គាវើលនេះផង កុំឲ្យទិញបានតែ ជនបរទេសបែបនេះ៕
មតិយោបល់