កណ្តាលៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី មានករណីឆក់ត្រីបណ្ដាលឲ្យឆក់ស្លាប់ខ្លួនឯង ត្រង់ចំណុចមេទឹកខ្លោងលើ ភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជួរ រ៉េន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ស្លាប់)។
វត្ថុតាងចាប់យក៖
-អាគុយ០១គ្រឿងម៉ាក ៣៣C កម្លាំង ៤០អាំពែ ដុំឆក់០១ ដងឬស្សីភ្ជាប់ខ្សែភ្លើង០២ ។
សភាពរឿងហេតុ៖ មុនពេលកើតហេតុនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ៧និង៣០នាទីជនរងគ្រោះ រួមជាមួយឈ្មោះគៀន សុភក្ត័ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាបងថ្លៃបានយកឧបករណ៍ទៅឆក់ត្រីចំណុចខាងលើ ។ លុះដល់វេលាម៉ោង ៩និង០០នាទីថ្ងៃដដែល ជនរងគ្រោះបានដួលផ្ងារក្រោយ នៅក្នុងទឹក បណ្តាលឲ្យឆក់ខ្លួនឯង ពេលនោះជនរងគ្រោះបានស្រែកហៅឈ្មោះ គៀន សុភ័ក្ត ដែលនៅលើច្រាំង ឲ្យជួយទើបឈ្មោះ គៀន សុភក្ត័ បានចុះទៅជួយចាប់ទាញ ជនរងគ្រោះហើយក៏ ឆក់ដែរ ពេលនោះឈ្មោះ គៀន សុភក្ត័ បានស្ទុះឡើងមកលើ ហើយឈោងទាញខ្សែសំរាប់ ស្ពាយអាគុយដែលនៅជាប់និងស្មា ជនរងគ្រោះអូសជនរងគ្រោះឡើងមកលើ ជួយធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញសហការជាមួយ នគរបាលប៉ុស្តិ៍រកាជន្លឹង ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារ
សពបានធ្វើការពិនិត្យសាកសព ឃើញក្បាល ដងខ្លួន អវយវៈ របស់សាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
ការសន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់នឹងឧបករណ៍ឆក់ត្រី ប្រាកដមែន សពបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់