ន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)គឺមិនឆ្លងតាមខ្យល់អាកាសនោះឡើយ បើទោះបីជាលទ្ធភាពរបស់វីរុសនេះ ឆ្លងលឿនក៏ដោយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសប្រគល់រថយន្ដសម្រាប់ដឹកវ៉ាក់សាំង ចំនួន១៣គ្រឿងបន្ថែមទៀត ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទោះបីជា វីរុសបំប្លែងថ្មីដែលតា មានលទ្ធភាពឆ្លងលឿនទៅកាន់បុគ្គលផ្សេងទៀតក៏ពិត មែន ប៉ុន្តែសភាពនៃការឆ្លង ក៏មិនខុសពី វីរុសប្រភេទផ្សេងឡើយ ព្រោះគ្រប់ ប្រភេទវីរុសកូវីដ១៩ទាំងអស់ គឺឆ្លងតាមដំណក់ ទឹកមាត់ ដែលខ្ទាតចេញពីមាត់អ្នក ដែលផ្ទុកវីរុសនេះ។ ដោយហេតុនេះលោកជំទាវ បានច្រានចោលទាំងស្រុងចំពោះ ការចែកចាយថា វីរុសកូវីដ១៩ ប្រភេទដែលតា ឆ្លងតាមខ្យល់អាកាស។ លោកជំទាវបញ្ជាក់ថា ដំណក់ទឹកមាត់តូចៗ ដែលបានធ្លាក់ចេញពីមាត់អ្នកដែលផ្ទុក កូវីដនោះ អាចខ្ទាតទៅមនុស្សមួយទៀតក្នុងចម្ងាយប្រមាណ ១ម៉ែត្រ នោះលទ្ធភាព របស់វីរុសនេះ នឹងអាចចម្លងទៅមនុស្សផ្សេងទៀតបានយ៉ាងលឿន ពិសេសពពួកបំប្លែងថ្មីដែលតា នេះតែម្តង។
លោកជំទាវបញ្ជាក់ថា «ដំណក់ទឹកមាត់តូចៗ មែនទែនដែលយើងមើល មិនឃើញ ដែលវាអាចនៅ ក្នុង លំហមិនមែននៅក្នុងខ្យល់ទេ។ វានៅក្នុងលំហដោយសារតែវាស្រាល ពេលវាធ្លាក់ ទៅក្រោមភ្លាម អ៊ីចឹងវានៅក្នុងលំហមួយរយៈ ហើយការដែលវានៅក្នុងលំហបាននេះឯង ដែលគេតែងនិយាយថា ឱ្យយើងបើកឱ្យមានខ្យល់ចេញចូល ពីព្រោះកាលណាតែយើងបិទជិតទៅ អាហ្នឹងវានៅតែវិលវល់ក្នុងបន្ទប់នេះឯង អ៊ីចឹងប្រសិនបើយើងដើរ ចូលទៅ ហើយយើងអត់ពាក់ម៉ាស់ទៀត ហើយយើងដកដង្ហើម អ៊ីចឹងមានន័យថាយើង ដកដង្ហើមទៅគឺស្រូបយកអាហ្នឹងហើយ។ មិនមែន ជាប្រភេទវីរុស ដែលវានៅលើខ្យល់ ខាងក្រៅនោះទេ ដូចនេះសូមកុំយល់ច្រឡំឱ្យសោះ។ ហើយកន្លែងហ្នឹងឯងបានជា វិធានការតែងតែដាក់ចេញថា សូមកុំទៅកាន់កន្លែងដែលបិទជិត ហើយកុំទៅកន្លែងណាដែលមានមនុស្សច្រើន ព្រោះកន្លែងដែលមាន មនុស្សច្រើន វាមិនមានគម្លាតសុវត្ថិភាពនោះទេ នៅពេលណាយើងចង់ច្រៀង និយាយគ្នា ហើយអត់បានពាក់ម៉ាស់ទៀត ហើយនៅពេលណាដែលប៉ះ យើងចង់មិនចង់នឹងកើតមាន ហើយពិសេសពពួកដែលតាទៀត គឹលឿនណាស់»។
លោកជំទាវបាន អំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាទទួលខុសត្រូវខ្ពស់ ក្នុងការការពារ ការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ត្រូវតែអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព ហើយបើគ្មានការចាំបាច់សូមកុំ ធ្វើ ដំណើរចល័តពីកន្លែងមួយទៅកន្លែងទៀត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕
មតិយោបល់