ព័ត៌មានជាតិ

រថយន្តហាមម័រ បើកបុកលុចស៊ីស ៥៧០ បណ្ដាលរងការខូចខាតទាំងខាង

ភ្នំពេញ: រថយន្តទំនើបមួយគ្រឿង បើកបោះពួយយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបី ជ្រុលទៅបុករថយន្តទំនើប ១គ្រឿងទៀត ចំពាក់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៩៤ កែងនិងផ្លូវ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តទំនើបមួយគ្រឿង ម៉ាកហាមម័រ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2AA 6999 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២១ ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលទៅបុករថយន្ត៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N 3588 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៤ បុកចំពេញទំហឹងមួយចំហៀងខាងឆ្វេង បណ្ដាលឲ្យរថយន្តហាមម័រដាច់កង់មុខ ផ្នែកខាងឆ្វេងទៅលែង រួមចំណែករថយន្ត ៥៧០ ខូចខាតមួយចំហៀងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុ ឲ្យភាគីទាំងពីរចរចាគ្នា តែដោយនិយាយមិនត្រូវគ្នា សមត្ថកិច្ចសម្រេចវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់