ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជប៉ុន បានដាក់កំហិត ចំពោះ អ្នកជំងឺ កូវីដ១៩ ធ្ងន់ធ្ងរ ឬអ្នកដែលមានហានិភ័យខ្ពស់ដែលត្រូវ បានអនុញ្ញាតឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ដោយ​បារម្ភ​ពី​ការ​កើនឡើង​ខ្លាំង​នៃ​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កក​កុញ​ពេញ​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​នោះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក Yoshidide Suga បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​តែ​អ្នកជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ​ឬ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ដែល​អាចឈាន​ដល់​អាការ:​ធ្ងន់ធ្ងរ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យចូល​សម្រាក​ព្យាបាល។

អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ១៩​ផ្សេង​ទៀត​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​ផ្ទះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មាន​គ្រែ​គ្រប់​គ្រាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

ជប៉ុន​កំពុង​បន្ថែម​ការ​ឆ្លង​ថ្មី​ប្រមាណ​១ម៉ឺន​ករណីក្នុង​មួយ​ថ្ងៃ ដែល​បណ្តាល​ឲ្យប្រធាន​សមាគម​សុខាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​អង្គារប្រកាស​ស្ថានភាព​អាសន្ន​ទូទំាង​ប្រទេស។

នៅ​ក្នុង​ប្រទេស​ចិន អាជ្ញាធរ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង Wuhan ទាំង​អស់​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បន្ទាប់​ពីទីក្រុង​នេះ​បាន​កត់​ត្រា​ករណី​ឆ្លង​ក្នុង​ស្រុក​លើក​ដំបូង​ក្នុង​រយ:​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។

វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​២០១៩ ហើយ​ទីក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​ជាង​១១​លាន​នាក់​នេះ ត្រូវ​បាន​បិទ​យ៉ាង​តឹងរ៉ឹង​អស់​រយ:ពេល​៧៦​ថ្ងៃ​ចាប់​ពី​ខែ​មករា ឆ្នំា​២០២០។

ស្រប​ពេល​ដែល​ប្រទេស​ជា​ច្រើន​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​បំប្លែង​ថ្មី​ដែលតា (Delta) មន្ត្រី​សុខាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃអង្គារ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លងវីរុស​ប្រភេទ​ថ្មី​មួយ​ទៀត​ដែល​គេ​ហៅថា Delta Plus ចំនួន​ពីរ​ករណី។

ចក្រភព​អង់គ្លេស ព័រទុយហ្គាល់​និង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោមប្រទេស​ដែល​កាលពី​ពេលមុន​បាន​រាយ ការណ៍​ពីឆ្លង​វីរុស​បំប្លែង​ថ្មី​ Delta Plus តិចតួច៕

មតិយោបល់