លោក Zhong Nanshan អ្នកជំនាញរោគរាតត្បាតកំពូលរបស់ប្រទេសចិនបាននិយាយថា ប្រទេសចិនត្រូវការចាក់វ៉ាក់សាំងប្រមាណ ៨៣ភាគរយនៃប្រជាជនសរុបរបស់ខ្លួនដើម្បីទទួលបានភាពស៊ាំ។ លោកក៏បានបង្ហាញផងដែរថា ករណីធ្ងន់ធ្ងរទាំង ១៣នាក់ដែលឆ្លងវីរុសទម្រង់ឌែលតានៅទីក្រុងក្វាងចូវនៅក្នុងការផ្ទុះការរាលដាលជំងឺកូវីដ-១៩កាលពីខែឧសភានោះមិនបានទទួលការចាក់វ៉ាក់សាំងទេ។
យោងតាមសារព័ត៌មាន Qianjiang Evening បានរាយការណ៍ថា លោក Zhong បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសុន្ទរកថាមួយនៅទីក្រុងក្វាងចូវនៃខេត្តក្វាងទុងនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍។ ស្របពេលដែលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសចិននោះ លោក Zhong បាននិយាយថា ប្រទេសចិនបានគ្រប់គ្រងវ៉ាក់សាំងច្រើនជាងគេបំផុតនៅលើពិភពលោក។
លោក Zhong បាននិយាយថា ដើម្បីសម្រេចបាននូវភាពស៊ាំតាមរយៈការចាក់វ៉ាក់សាំង ប្រទេសចិនត្រូវការការចាក់វ៉ាក់សាំងឱ្យដល់ប្រជាជនឱ្យបាន ៨៣,៣ភាគរយនៃប្រជាជនសរុបរបស់ខ្លួន។
យោងតាមសារព័ត៌មាន Qianjiang Evening News បានឱ្យដឹងថា លោក Zhong បាននិយាយបន្ថែមថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិន អាចការពារមនុស្សប្រឆាំងនឹងវីរុសទម្រង់ឌែលតា ដោយយោងទៅលើការសិក្សាទៅលើអ្នកជំងឺកូវីដ-១៩ ប្រហែល ១០០នាក់ដែលបានឆ្លងវីរុសនេះនៅទីក្រុងក្វាងចូវកាលពីខែឧសភា។ ការស្រាវជ្រាវបឋមមួយចំនួនបានរកឃើញថា វ៉ាក់សាំងរបស់ចិនមានការការពារបាន ១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរ ការពារបាន ៧៦,៩ភាគរយប្រឆាំងនឹងករណីមធ្យម ការពារបាន ៦៧,២ភាគរយប្រឆាំងនឹងករណីស្រាល និងការពារបាន ៦៣,២ភាគរយប្រឆាំងនឹងករណីចេញរោគសញ្ញា។
លោកបានរំលឹកដល់សាធារណជនថា ករណីធ្ងន់ធ្ងរទាំង ១៣ នៅទីក្រុងក្វាងចូវកាលពីក្នុងខែឧសភាដែលរងផលប៉ះពាល់ជាមួយនឹងវីរុសទម្រង់ឌែលតា គឺពួកគេមិនបានទទួលការចាក់វ៉ាក់សាំងទេ៕


មតិយោបល់