ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយច្បាប់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយចោទក្រុមយោធាចំពោះការសម្លាប់រង្គាលជាបន្តបន្ទាប់កាលពីខែមុខនៅភាគពាយព្យប្រទេស។
ស្ថានបេសកកម្មប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិបានចុះផ្សាយលិខិតនោះនៅថ្ងៃអង្គារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
នៅក្នុងលិខិតនោះលោក Kyaw Moe Tun បានសរសេរថា ក្រុមទាហានបានធ្វើទារុណកម្មនិងបានសម្លាប់បុរសចំនួន៦នាក់នៅក្នុងភូមិមួយក្នុងទីប្រជុំជន Kani កាលពីដើមខែកក្កដាហើយថា ជាលទ្ធផលពលរដ្ឋចំនួន១ម៉ឺននាក់បានរត់គេចចេញពីតំបន់នោះ។
លោកបានសរសេរទៀតថា នៅជិតដំណាច់ខែនោះសាកសពចំនួន១៣បានត្រូវរកឃើញនៅជិតភូមិ Zee Pin Twin បន្ទាប់ពីការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខនិងយុទ្ធជនមូលដ្ឋាន។
លោកបាននិយាយទៀតថា មនុស្ស១១នាក់ផ្សេងទៀតបានត្រូវសម្លាប់ហើយដុត នៅក្នុងភូមិKyetchaung Taw Taik។
លោក Kyaw Moe Tun បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មការលក់អាវុធទៅឲ្យក្រុមយោធា។ ក្នុងលិខិតផ្ញើទៅលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres លោក Kyaw Moe Tunបានសរសេរថា«ដល់ពេលចាត់វិធានការចាំបាច់ចំពោះវិបត្តិនេះជាបន្ទាន់»។
លោកឯកអគ្គរដ្ឋទូតតំណាងឲ្យរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាដែលក្រុមយោធាបានបណ្តេញចេញពីអំណាចកាលពីខែកុម្ភៈ។របបយោធាបាននិយាយថា ខ្លួនបានដកលោក Kyaw Moe Tun ចេញពីតំណែងក៏ប៉ុន្តែអង្គការសហប្រជាជាតិមិនបានទទួលស្គាល់ការកាន់អំណាចរបស់យោធាទេហើយលោកនៅតែជាតំណាងរបស់ប្រទេសលោកនៅឯអង្គការសហប្រជាជាតិ។
មតិយោបល់