លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាថា នៅយប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនជំហានទី២ ជូនរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦៦៨,០០០ដូស នឹងដឹកមកដល់កម្ពុជា។
សូមរំលឹកថា វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ចំនួន៣៣២ពាន់ដូស ជំហានទី១ បានដឹកមកកម្ពុជារួចហើយ កាលពីរាត្រីថ្ងៃទី២៣កក្កដា ឆ្នាំន២០២១ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ រាជទូត វិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំង AstraZeneca ចំនួន ១លានដូស ក្នុងនោះជំហានទី១ រដ្ឋាភិបាលជប៉ុនបានដឹកជញ្ជូនមកដល់កម្ពុជា ចំនួន៣៣២ ពាន់ដូស កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ និងជំហានទី២ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១នេះ ចំនួន ៦៦៨,០០០ដូសទៀត គ្រប់ចំនួន ១លានដូស។
មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបើកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ អាយុក្រោម១៨ ឆ្នាំ ដែលមានចំនួនជិត ២លាននាក់ផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវ តែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំងសម្រាប់ចាក់ តែបើសិនមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ។
គិតត្រឹមថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៧៦,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
មតិយោបល់