(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថាពលរដ្ឋហុងកុងទាំងឡាយដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុង សហរដ្ឋអាមេរិក នឹងទទួលបានការអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្ន ប្រសិនពួកគេព្រួយបារម្ភពីសុវត្ថិភាពនៅពេលត្រឡប់ទៅទីក្រុងហុងកុងវិញ។
លោក បៃដិនបានកត់សម្គាល់ថា ការដាក់ច្បាប់សន្តិសុខជាតិរបស់ចិនលើទីក្រុងហុងកុដោយឯកតោភាគី បានបំផ្លាញសិទ្ធិ និងសេរីភាពនៅក្នុងទីក្រុងហុងកុង ស្របពេល អ្នកនយោបាយប្រឆាំង សកម្មជន និងបាតុករច្រើនជាង១០០នាក់ត្រូវបានចាប់ខ្លួន ក្រោមហេតុផលនយោបាយ ហើយមនុស្សច្រើនជាង ១,០០០នាក់ផ្សេងទៀតក៏ ត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុងផងដែរ។
បើតាមការប្រកាសរបស់លោក បៃដិន ពលរដ្ឋហុងកុងនឹងទទួលបានសិទ្ធិបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់រយៈពេល១៨ខែបន្ថែម បើទោះជាទិដ្ឋាការរបស់ពួកគេ អស់សុពលភាពក៏ដោយ ហើយការសម្រេចចិត្តនេះទៀតសោតគឺជាការទទួលស្គាល់ពីការលុបបំបាត់សិទ្ធិ និងសេរីភាពរបស់ប្រជាជនហុងកុងដោយរដ្ឋាភិបាលចិន។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសយ៉ាងចំពោះការប្រកាសរបស់លោក បៃដិន និងចាត់ទុកថាវាជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន។ រដ្ឋាភិបាលចិន បានច្រានចោលរាល់ការរិះគន់ និងអះអាងថាច្បាប់មានគោលដៅថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ទីក្រុងហុងកុងតែប៉ុណ្ណោះ៕
ប្រភព៖ AFP
មតិយោបល់