ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុករថយន្តពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅខេត្តសៀមរាប…

សៀមរាប:ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២និង ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុក រថយន្តដែលឈប់ចតលើដងផ្លូវពីក្រោយ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ស្លាកលេខ បាត់ដំបង 1X-5585 បើកបរដោយឈ្មោះ រ៉េត វីរះ ភេទប្រុស (ស្លាប់) អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកធនាគារ រស់នៅភូមិដូនតុ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើក៏បានបុក រថយន្តមួយគ្រឿងពីក្រោយ (មិនស្គាល់អត្តសញ្ញាណ) ដែលឈប់ចតលើដងផ្លូវ ក្រោយពេលកើតហេតុម្ចាស់រថយន្តបានបើករថយន្ត គេចខ្លួនទៅទិសខាងលិច ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន និងរថយន្តឈប់ចតលើដងផ្លូវមិនត្រឹមត្រូវ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសសរស្តម្ភ ធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់